នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២៥៥១នាក់។
លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺឆ្លុះបញ្ចាំងពីសមត្ថភាព ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន ការសិក្សាស្រាវជ្រាវ និងសកម្មភាពនានាជាច្រើនទៀតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាការរួមចំណែកមួយជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន និងអនាគត។ រាជរដ្ឋាភិបាល បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណដំណាក់-កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាមគ្គទេសក៍សម្រាប់តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ។
សូមជម្រាបថា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានកើតចេញពីអង្គការ ក្នុងស្រុកមួយ បណ្តុះបណ្តាលជំនាញវគ្គខ្លី ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២។ អង្គការអាស៊ីអឺរ៉ុប បានបង្កើតបន្ថែមជាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០០៥។
សូមបញ្ជាក់ថា ការទទួលបានសញ្ញាបត្រនាពេលនេះគឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ សម្រាប់ជីវិតរបស់និសិ្សតជ័យលាភី ហើយដែលនឹងត្រូវខិតខំពុះពារ និងជម្នះរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីកសាង និងពង្រឹងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អដោយប្រើជំនាញឯកទេស ចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួន បម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














