Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសវ័យ២៨ឆ្នាំស្លាប់ដោយផ្តាសាយបក្សីកម្លាំងជំនាញពេទ្យសត្វចុះហ៊ុព័ទ្ធ២១ថ្ងៃមិនឃើញមានអ្នកឆ្លងបន្តទៀតទេ

ខេត្តកំពង់ចាម: ជំងឺផ្ដាសាយបក្សីត្រូវបានជំនាញក្រសួងសុខាភិបាលរកឃើញជាបន្តបន្ទាប់។ ជាក់ស្ដែងបុរសវ័យ២៨ឆ្នាំម្នាក់បានស៊ីឈ្នួលចាំចម្ការឲ្យគេនៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ បានឆ្លងជំងឺផ្ដាសាយបក្សី ដោយពុំដឹងខ្លួន ហើយក៏បានស្លាប់គ្រាដែលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ហើយឃុំនេះត្រូវបានហ៊ុព័ទ្ធ២១ថ្ងៃដើម្បីធានាសុវត្ថិភាព។

លោកនង ម៉េងហៀង នាយការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២៥ថា: ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តរួមនឹងស្ថាប័នមន្ទីរកសិកម្មខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅកាន់ភូមិ២២ ជាបន្ទាន់ដើម្បីបាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សីជៀសវាងបង្ការកុំឲ្យឆ្លងទៅសត្វដទៃនិងមនុស្ស។

ប្រធានការិយាល័យបសុពេទ្យរូបនេះបានរំលឹកថា បុរសម្នាក់ដែលស៊ីឈ្នួលចាំចម្ការឲ្យគេបានកាប់មាន់មួយក្បាលចម្អិនធ្វើម្ហូបទទួលទានតែម្នាក់ឯង ក្រោយមកបុរសក៏មានអាការៈគ្រុនក្តៅ ត្រូវបាននាំមកមណ្ឌលសុខភាព តែដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញថ្ងៃទី៩មករា ឆ្នាំ២០២៥ ក្រោយមកបុរសនេះបានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី (H5N1)។ ជាមួយនោះថ្ងៃទី១៩កុម្ភៈកម្លាំងក្រសួងកសិកម្ម ចុះមកផ្សព្វផ្សាយយុទ្ធនាការទប់ស្កាត់ផ្ដាសាយបក្សី។

យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សីរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ ក្នុងនោះដោយគូសបញ្ជាក់ថា:វិជ្ជមានវីរីសផ្ដាសាយបក្សីប្រភេទ(H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩មករាឆ្នាំ ២០២៥ដែលទីលំនៅក្នុងភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ទោះជាមានការយកចិត្តទុកដាក់ការថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងររួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម អ្នកជំងឺបានស្លាប់នៅថ្ងៃទី១០ខែមករា ឆ្នាំ២០២៥។តាមការសាកសួរបង្ហាញថាផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារហើយបុរសនេះជាអ្នកថែទាំនិងបានយកមាន់ឈឺមកធ្វើម្ហូបបរិភោគ។

លោកនង ម៉េងហៀង ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានប្រាប់ឲ្យដឹងនាយប់ថ្ងៃទី១០មករាថា ក្រោយពីទទួលបាននូវព័ត៌មាននេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក៏ដូចជាឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានការយកចិត្តទុកដាក់ខ្ពស់បានចាត់ឱ្យរូបលោកដឹកនាំកម្លាំងជាច្រើននាក់ចុះទៅកាន់ផ្ទះរបស់បុរសដែលស្លាប់ដោយជំងឺផ្តាសាយបក្សីនៅភូមិ២២តាំងពីព្រឹកព្រលឹមថ្ងៃទី១០ មករា ឆ្នាំ២០២៥។ក្នុងពេលដែលចុះទៅដល់ទីនោះឃើញថាផ្ទះនេះស្ថិតនៅដាច់ពីភូមិតែឯង គឺបុរសដែលស្លាប់នេះជាអ្នកស៊ីឈ្នួលមើលចម្ការដំណាំឲ្យគេក្នុងបរិវេណផ្ទះនោះឃើញមាន់ ទានិងក្ងាន ដែលចិញ្ចឹមជាលក្ខណៈគ្រួសារសម្រាប់ធ្វើម្ហូបទទួលទាន។ កាលពីប៉ុន្មានថ្ងៃមុនបុរសអ្នកជំងឺនេះបានយកមាន់ដែលឈឺធ្វើម្ហូបទទួលទាន ក្រោយមកក៏មានអាការៈក្តៅខ្លួនហើយត្រូវបានគេបញ្ជូនមកមណ្ឌលសុខភាពនៅថ្ងៃទី៨មករា តែដោយស្ថានភាពមានលក្ខណៈធ្ងន់នោះក៏ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះជីវិតនៅរាជធានីភ្នំពេញ តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដើម្បីសង្គ្រោះអាយុជីវិតបុរសនេះ តែមិនអាចសង្គ្រោះបានព្រោះជំងឺមានសភាពធ្ងន់ធ្ងរណាស់ទៅហើយតាមរយៈការធ្វើតេសឃើញថាបុរសនេះមានជំងឺផ្ដាសាយបក្សីដែលឆ្លងពីសត្វ។ ក្រោយមកបុរសនេះក៏បានស្លាប់ព្រោះតែមេរោគផ្ដាសាយបក្សី។ ដោយទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាការណែនាំពីឯកឧត្តមអភិបាលខេត្ត នាព្រឹកព្រលឹមថ្ងៃទី១០ មករា កម្លាំងជំនាញបសុពេទ្យបានចុះទៅដល់ទីតាំងផ្ទុះផ្ដាសាយបក្សីនេះធ្វើការហ៊ុមព័ទ្ធបាញ់ថ្នាំសម្លាប់មេរោគហើយមាន់ ទានិងក្ងាន ដែលមានប្រមាណជាង១០ក្បាល ត្រូវបានសម្លាប់ចោលដាក់ថ្នាំដុតបំផ្លាញចោលតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដើម្បីជៀសវាងកុំឲ្យមេរោគនេះរីកសាយភាយទៅកន្លែងផ្សេង។

ប្រធានការិយាល័យបសុព្យាបាលខេត្តបានបញ្ជាក់ថា រូបលោកបានដឹកនាំមន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្ទះចាំចម្ការនិងតាមដងផ្លូវជាច្រើនកន្លែងនៅក្នុងភូមិ២២ឃុំចំការអណ្តូង ស្រុកចំការលើ ជាមួយនោះក៏មានការផ្សព្វផ្សាយខិតប័ណ្ណដល់ប្រជាពលរដ្ឋនៅក្នុងភូមិឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងករណីបើមានមាន់ ទាឈឺមិនត្រូវយកមកធ្វើម្ហូបចម្អិនទទួលទាននោះទេ។

គួររំលឹកថានៅក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ កាលពីប៉ុន្មានឆ្នាំមុនក៏បណ្ដាលឱ្យបុរសម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សីនេះដែរ។
ក្រៅពីបុរសនេះឆ្លងផ្ដាសាយបក្សីក៏មានបុរសម្នាក់ទៀតមានអាការៈក្តៅខ្លួនហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ក្រោយពិនិត្យដិតដល់ឃើញថាបុរសនោះមិនមានឆ្លងផ្ដាសាយបក្សីនោះទេ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×