Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតភាពដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ចុងវ៉ូក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតភាពដៃគូយុទ្ធសាស្ត្រ។

ឯកឧត្តម សួស យ៉ារ៉ា បានជម្រាបឯកអគ្គរដ្ឋទូតកូរ៉េ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ និងជំរុញសន្តិភាពសម្រាប់តំបន់ និងពិភពលោក ជាពិសេសការអនុម័ត«ធម្មនុញ្ញសន្តិភាពសកល» ដោយសភានានាជាង៥០ប្រទេសនាអំឡុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាឯកសាររួមរបស់មនុស្សជាតិសម្រាប់ការកសាង និងថែរក្សាសន្តិភាព។

រដ្ឋសភាកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកូរ៉េដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ជាពិសេសការអភិវឌ្ឍនៅជនបទតាមរយៈគំនិតផ្តួចផ្តើមគម្រោងតេជោភូមិ១០០ និងចលនាភូមិថ្មីរបស់សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ផាក ចុងវ៉ូក បានសម្តែងនូវការកោតសរសើរ និងបានបញ្ជាក់ថាស្ថានទូតសាធារណរដ្ឋកូរ៉េត្រៀមខ្លួនសហការ និងសម្របសម្រួលដើម្បីជំរុញគម្រោងអភិវឌ្ឍន៍នៅតាមជនបទរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវេទិកាអន្តរជាតិនានាដើម្បីសន្តិភាព។

ភាគីទាំងពីរ ប្តេជ្ញារួមគ្នាបន្តលើកកម្ពស់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទទួលលទ្ធផលជាក់ស្តែងកាន់តែច្រើនទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×