ឧត្តរមានជ័យ ៖ ឯកឧត្តមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៥ នេះបានមានប្រសាសន៍ថា មានអីយើងត្រូវជជែកគ្នាដើម្បីសេចក្តីសុខនៃប្រទេសយើងទាំងពីរ ហើយគ្មានពីណាគេមកធ្វើការរំលោភបំពានលើទឹកដីនៃប្រទេសណានោះទេ អ្វីៗទុកឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរធ្វើការ ហើយស្ថានភាពនៅលើប្រាសាទតាមាន់ របស់យើង គឺមានស្ថានភាពធម្មតា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តមមាន ចាន់យ៉ាដា បានបញ្ជាក់យ៉ាងដូច្នេះថា “នៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ ២០២៥ ខ្ញុំបានដឹកនាំប្រតិភូក្រុមការងាររបស់រដ្ឋបាលខេត្ត ឡើងមកលើកំពូលប្រាសាទតាមាន់របស់យើង ហើយវេលានេះម៉ោង 3:10 នាទី ស្ថានភាពនៅលើប្រាសាទតាមាន់ មានភាពប្រក្រតី ហើយប្រាសាទខាងក្រោយយើងនេះ គឺជានិមិត្តរូបនៅស្រុកបន្ទាយអំពិល”។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ស្ថានភាពនាពេលនេះ គឺប្រក្រតី ហើយយើងត្រូវស្រឡាញ់រាប់អានគ្នា កុំមានបញ្ហាអ្វីជាមួយគ្នា ហើយយើងត្រូវស្រឡាញ់គ្នានិងរាប់អានគ្នា។ កុំឲ្យមានបញ្ហាអ្វី។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អមដំណើរឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅប្រាសាទតាមាន់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំង ដែលឈរជើងនៅប្រាសាទតាមាន់ មួយចំនួនផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី























