ព្រះវិហារ : ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃអាទិត្យទី 16 ខែកុម្ភៈឆ្នាំ 2025 នេះបានមានប្រសាសន៍យ៉ាងដូច្នេះថា ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពរបស់បងប្អូន និងក្រុមគ្រួសារផង។
តាមរយៈបណ្ដាញសង្គម ឯកឧត្តមបានមានប្រសាសន៍ថា ផលប៉ះពាល់អវិជ្ជមាននៃការដុតស្មៅមានដូចជា៖ ផ្សែងពីការដុតស្មៅមានផ្ទុកសារធាតុពុល ដែលអាចបណ្ដាលឲ្យមានបញ្ហាផ្លូវដង្ហើម និងជំងឺផ្សេងៗទៀត។ ការដុតស្មៅបំផ្លាញសារធាតុសរីរាង្គក្នុងដី ដែលធ្វើឲ្យដីមិនសូវមានជីជាតិ។ ភ្លើងអាចឆេះរាលដាលដល់ព្រៃឈើ និងបំផ្លាញជម្រកសត្វព្រៃ។ ភ្លើងដែលឆេះពីការដុតស្មៅ អាចរាលដាលយ៉ាងលឿនក្នុងរដូវប្រាំង ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
បាទតាមឯកឧត្តមអភិបាលខេត្ត, ខ្ញុំសូមលើកទឹកចិត្តកសិករ ឲ្យប្រើប្រាស់វិធីសាស្ត្រកសិកម្មប្រកបដោយនិរន្តរភាពដូចជា៖ ការភ្ជួររាស់ដីជំនួសឲ្យការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ, ការប្រើប្រាស់ជីកំប៉ុស្តដើម្បីបង្កើនជីជាតិដី, ការដាំដំណាំគម្របដីដើម្បីការពារដីពីការហួតហែង ដូចជា៖ សណ្ដែកដី សណ្ដែកបាយ ល្ពៅ ត្រសក់ ឪឡឹក ល្ង ។ល។
សូមចូលរួមថែរក្សាបរិស្ថាននិងសុខភាពរបស់យើងទាំងអស់គ្នាដោយបញ្ឈប់ការដុត ស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ!៕ រក្សាសិទ្ធដោយ៖សុទ្ធលី








