Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី រម្លឹកបងប្អូនប្រជាពលរដ្ឋថា បើមិនចាំបាច់ សុំកុំខ្ចីលុយគេ តែបើចំបាច់ត្រូវខ្ចី គួរខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា , មិនដូច អ្នកឲ្យខ្ចីកំបាំងមុខ ពេលឲ្យខ្ចីងាយស្រួល តែមានលក្ខខ័ណ្ឌជាន់ក

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងរម្លឹកបងប្អូនយើងថា បើមិនចាំបាច់ សុំកុំខ្ចីលុយគេ។ តែបើចំបាច់ត្រូវខ្ចី គួរខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា ព្រោះនៅពេលមានបញ្ហាយើងអាចរកមុខឃើញ និងដោះស្រាយតាមនីតិវិធីច្បាប់។ មិនដូច អ្នកឲ្យខ្ចីកំបាំងមុខ ពេលឲ្យខ្ចីងាយស្រួល តែមានលក្ខខ័ណ្ឌជាន់ក ប្រើអំពើហឹង្សា ហើយរកមុខមិនឃើញ។

តាមរយៈបណ្តាញសង្គមនាថ្ងៃសៅរ៍នេះ លោកជំទាវបានថ្លែងបន្តទៀតថា ទោះយ៉ាងណាសូមបងប្អូន ប្រើប្រាស់លុយកាក់ដោយមានការទទួលខុសត្រូវ និងសូមឲ្យគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុទាំងអស់ ផ្តល់កម្ចីដោយទទួលខុសត្រូវ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់អតិថិជន ព្រោះថាពេល អតិថិជនរុងរឿង គ្រឹះស្ថានក៏រុងរឿងដែរ។ និងសូមអរគុណអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានផ្តល់ការគាំទ្រកន្លងមក និង តទៅមុខ ក្នុងការចាត់វិធានការចាំបាច់លើអ្នកផ្តល់កម្ចីក្រៅផ្លូវការមិនមានវិជ្ជាជីវៈ ដែលអាចផ្តល់ជាគ្រោះថ្នាក់ដល់ជីវភាពប្រជាជន និង សង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ឯកឧត្តមអភិសន្ដិបណ្ឌិត បានអះអាងថា ក្រុមកម្ចីអនឡាញខុសច្បាប់នោះ ភាគច្រើនជាជនជាតិចិន។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមនោះក៏ជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ ហើយនៅពេលមិនសងប្រាក់ត្រឡប់ទៅវិញក្រុមនោះតែងគំរាមកំហែង បង្ហោះរូបភាពអ្នកខ្ចីនោះជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាពលរដ្ឋរងនូវការគំរាមកំហែងជាមួយពីក្រុមកម្ចីអនឡាញខុសច្បាប់ លោកលើកទឹកចិត្តឲ្យប្ដឹងមកសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវចាត់វិធានការច្បាប់។ ក្នុងន័យនេះ លោកក៏បានណែនាំដល់សមត្ថកិច្ចជំនាញ បន្ដស្រាវជ្រាវចាត់វិធានការក្រុមដែលបង្កើតកម្ចីអនឡាញខុសច្បាប់ទាំងអស់នេះ។

បន្ថែមពីនេះឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានណែដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដយកចិត្តទុកដាក់ករណីក្រុមល្បែងអនឡាញខុសច្បាប់ផងដែរ ពិសេសករណីផ្ញើសារមកញុះញង់ អូសទាញឲ្យបង្កើតគណនីលេងល្បែង ពោលសូម្បីតែទូរស័ព្ទរបស់លោកផ្ទាល់ ក៏មានអ្នកផ្ញើសារមករៀងរាល់ថ្ងៃផងដែរ។

ក្នុងសន្ទរកថា បិទសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត លោកបានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។
ឯកឧត្តមបាន ប្រលយចេញពីក្រសួងមហាផ្ទៃ ឱ្យផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការ កម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។ យ៉ាងណាក៏ដោយឯកឧត្តម បានណែនាំបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×