បាត់ដំបង : ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថាៈ រដ្ឋបាលខេត្ត នឹងរៀបចំសាងសង់សួនតេជោសន្តិភាព ដើមឆ្នាំ២០២៥ នៅខាងកើតស្ទឹងសង្កែ មុខវត្តកណ្តាល ក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង ៩៩៤ម៉ែត្រ លើផ្ទៃដីសរុបចំនួន១៦.០៧៤ម” ដើម្បីកែលម្អសួនឱ្យមានសោភ័ណភាពស្រស់បំព្រង មានផ្លូវដើរ ផ្លូវ ជិះកង់ ជាកន្លែងសម្រាប់អង្គុយលំហែអារម្មណ៍ ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទីក្រុងឆ្លាតវៃ បរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។
សួនតេជោសន្តិភាព សាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ ដើម្បីពន្យល់និងរំលេចពីគុណតម្លៃ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញលេញ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួននេះនឹងក្លាយជាសំណង់ ស្ថាបត្យកម្មថ្មីមួយ ដែលជាមែកធាង ចង្កោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ ដែលបង្រួមសមល្មមទៅនឹង ទំហំដើមនៃវិមានឈ្នះ ឈ្នះ ប្រកបដោយអត្ថន័យស៊ីជម្រៅ។
រដ្ឋបាលខេត្ត សូមបញ្ជាក់ថា គម្រោងសាងសង់ សួនតេជោសន្តិភាព គឺជាការងារបម្រើឱ្យប្រយោជន៍ សាធារណៈ និងប្រជាពលរដ្ឋទូទៅក្នុងសម័យតេជោសន្តិភាព ជាដីកម្មសិទ្ធិសាធារណរបស់រដ្ឋ មិនមានការរំលោភ បំពានកម្មសិទ្ធិឯកជននោះទេ។ ទន្ទឹមនេះ រដ្ឋបាលខេត្ត នឹងបន្តគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី









