ភ្នំពេញ ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំគណៈប្រតិភូគណៈកមកមការទី១ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយលោក គោស៊ី ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន និងប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តប៉ៃលិន។
ឯកឧត្តម សរ ចំរុង បានជម្រាបជូនរដ្ឋបាលខេត្តអំពីតួនាទីសំខាន់ៗរបស់រដ្ឋសភា និងបានលើកឡើងអំពីតួនាទីរបស់គណៈកម្មការទី១នៃរដ្ឋសភាផ្ទាល់ និងសកម្មភាពការងារដែរគណៈកម្មការបានអនុវត្តកន្លងមក គឺចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួងស្ថាប័ន ក្នុងការអនុវត្តន៍ឱ្យបានសមស្រប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធកនឹងវិស័យសិទ្ធិមនុស្ស ។ គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិនិត្យដោះស្រាយទៅតាមសមត្ថកិច្ចជូនម្ចាស់បណ្ដឹង តាមរយៈប្រធានរដ្ឋសភា ។
ឯកឧត្តមបានមានប្រសាសន៍ជំ្រាបរដ្ឋបាលខេត្តអំពីសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹង វិស័យសិទ្ធិមនុស្សដែលគណៈកម្មការបានទទួលយកមកពិនិត្យសិក្សា និងបានដាក់ជូនសម័យប្រជុំរដ្ឋសភាធ្វើការពិភាក្សានិងអនុម័តកាលពីពេលកន្លងមក និងថា នៅក្នុងឆ្នាំ២០២៥ ចាប់ពីខែមករា ដល់ខែកុម្ភៈ គណៈកម្មការបានទទួលពាក្យបណ្តឹងចំនួន ៤រឿង តម្កល់ទុកឥតចាត់ការចំនួន ៣រឿង កំពុងពិនិត្យចំនួន ១រឿង និងលិខិតឆ្លើយតបពីក្រសួង ស្ថាប័នពាក់ព័ន្ធបានចំនួន ២ង។
លោក គោស៊ី ប៊ុនសឿត បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានលទ្ធផលការងារនាពេលកន្លងមក លើវិស័យសំខាន់ៗដែលជាមូលដ្ឋានចំណូលដ៏សំខាន់នៃសេដ្ឋកិច្ចខេត្តមានដូចជា ផលិតកម្មដំណាំស្រូវ ផលិតកម្មដំណាំសាកវប្បកម្មរយៈពេលវែង (ឈើហូបផ្លែ ស្វាយកែវ រមៀត និងមៀនប៉ៃលិន) ផលិតកម្មដំណាំឧស្សាហកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ កៅស៊ូ។ ឯកឧត្តមបានើលើកឡើងទៀតថា យន្តការដោះស្រាយវិវាទក្នុងតំបន់វិនិច្ឆ័យដែលចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ រូមមាន៖ យន្តការគណៈកម្មាធិការសុរិយោដី ១.គណៈកម្មាធិការសុរិយោដីក្រុង/ស្រុក ២.គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ៣.យន្តការសម្រុះសម្រួលរបស់អាជ្ញាធរដែនដី។
ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តបានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន ២៧ករណី និងនៅសល់២ករណីកំពុងដោះស្រាយបន្ត។ ដោយឡែកមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនបាន ដោះស្រាយវិវាទថ្នាក់ជាតិ មានចំនួន ១៤ករណី ដោះស្រាយតាមយន្តការសុរិយោដី មានចំនួន ១៣ករណី ។
ចំណែកការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តប៉ៃលិនមានភូមិសរុបចំនួន៩៣ភូមិ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៦៦,៧៤៩ ក្បាលដី។
ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សរ ចំរុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប៉ៃលិន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ បានធ្វើការចែករំលែកនូវបទពិសោធន៍ និងផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្ត និងបន្ទាប់មកគណៈប្រតិភូក៏បានអញ្ជើញពិនិត្យមើល ការផ្ដល់រសេវាជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















