Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣នាក់ស្លាប់ និង២នាក់កំពុងសង្គ្រោះបន្ទាន់ សង្ស័យពុលស្រា ស នៅខេត្តរតនគិរី

ខេត្តរតនគិរី: ៣នាក់ ស្លាប់ និង២នាក់កំពុងសង្គ្រោះបន្ទាន់ សង្ស័យពុលស្រា ស ដែលប្រជាពលរដ្ឋរងគ្រោះបានផឹក នៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ហើយករណីនេះលោកអភិបាលខេត្ត បានបញ្ជាឱ្យបិទទីតាំង ផលិតស្រា ស នៅទូទាំងខេត្ត ដើម្បីរង់ចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ ។ នេះបើយោងតាមរបាយការណ៍ ពីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។

របាយការណ៍ដដែលបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥វេលាម៉ោង ១២:០៦នាទី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលព័ត៌មាន ពីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី មានព្រឹត្តិការណ៍សង្ស័យពុលម្ហូបអាហារមួយ ដោយមានករណី សរុបចំនួន ៥នាក់ ក្នុងនោះមាន ៣នាក់ ត្រូវបានស្លាប់ និង ២នាក់ ផ្សេងទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ ។

អ្នកស្លាប់ទាំងបីនាក់នោះ ទី១.ភេទប្រុស អាយុ៧៨ឆ្នាំ ទី២.ភេទប្រុស អាយុ៦០ឆ្នាំ និងទី៣.ភេទស្រី អាយុ ៥៤ឆ្នាំ ដោយទីតាំងកើតហេតុស្ថិតនៅក្នុងភូមិ យ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ ដោយ
ឡែកអ្នកជំងឺដែលកំពុងសម្រាកពេទ្យនោះ ម្នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និង ១នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកបរកែវ។ អ្នកជំងឺមានរោគសញ្ញាដូចជា៖ ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក ។

តាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋានបានធ្វើការសន្និដ្ឋានដោយដាក់ការសង្ស័យថា ការឈឺរបស់អ្នកជំងឺអាចបណ្ដាលមកពីការពុលម្ហូបអាហារ រឺស្រាស ។

បច្ចុប្បន្ន ក្រុមការងារខេត្តបានប្រមូលសំណាកម្ហូបអាហារ(ស្រា ស) និងលាមកអ្នកជំងឺ បញ្ជូនមកមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យ។ ក្រុមការងារបានផ្តល់សារ អប់រំដល់អ្នកជំងឺ និងអ្នកកំដរអំពីសុវត្ថិភាពម្ហូបអាហារ និងបន្តតាមដាន អ្នកដែលបានបរិភោគហើយ តែមិនទាន់ចេញរោគសញ្ញា ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ទាំង៩ ចុះធ្វើការបិទទីតាំងផលិត ស្រាស បណ្តោះអាសន្នរង់ចាំលទ្ធផល ធ្វើសំណាកពីក្រុមគ្រូពេទ្យថា តើមូលហេតុអ្វីឲ្យពិតប្រាកដបណ្តាលឲ្យ មានអ្នកស្លាប់ និងអ្នករងគ្រោះក្នុងករណីនេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×