ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០)រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី១កុម្ភៈ២០២៥ខាងមុខនេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)នេះ នារសៀលថ្ងៃទី២៩ មករាឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍ថា ផ្លូវថ្មើជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
ឯកឧត្ដម ឃួង ស្រេងបានបញ្ជាក់ថា៖ គម្រោងនេះត្រូវតែចេញដំណើរការ នៅថ្ងៃទី០១កុម្ភៈឆ្នាំ២០២៥ខាងមុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវ ថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនារាជធានីភ្នំពេញឱ្យកាន់តែច្រើនថទៀត។គម្រោងផ្លូវថ្មើជើង(Walk street) ត្រូវបិទបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។នៅមុនឈានទៅដល់ថ្ងៃបើកនាថ្ងៃទី១កុម្ភៈ យើងត្រូវធ្វើជូនដំណឹង ដើម្បីណែនាំប្រជាពលរដ្ឋរស់នៅតំបន់នេះឱ្យបានយល់ពីគម្រោងនេះ។អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយដាក់មីក្រូស្រែកបំពងសំលេង កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គិតគូរពីអនាម័យបរិស្ថាន អ្នកលក់ដូរ។ ដោយសារ ប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំគម្រោងនេះ។ក្រោយបើកឱ្យដំណើរការ យើងនឹងអង្កេត ជាមួយនិងការដកបទពិសោធន៍ ដើម្បីកែលំអរផ្លូវថ្មើជើង(Walk street) នេះឱ្យកាន់តែល្អប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















