រាជធានីភ្នំពេញ : នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចេញសេចក្តីថ្លែងការណ៍
សម្តែងនូវកង្វល់ និងការព្រួយបារម្ភយ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះមានបុគ្គលប្រើប្រាស់ គណនីហ្វេសប៊ុក Account Facebook ឈ្មោះ សមាគម ទេវ សក្ខី ភគវន្ត បានតាំងខ្លួនជាអ្នកពន្យល់ ធម៌ ដោយប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អ ផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ ។
បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិតអាក្រក់ និយាយបក ស្រាយបំភាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ ជំនឿ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដែលកំពុងស្ថិតនៅក្នុងសុខដុមនីយកម្មសាសនា ក្រោមម្លប់សន្តិភាពដ៏ សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងគោរព ប្រតិបត្តិ លើកស្ទួយនិងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត ។
អាស្រ័យហេតុដូចបានលើកឡើងខាងលើ ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមគោរពស្នើសុំដល់ក្រសួងធម្មការ និងសាសនា និងគណ សង្ឃនាយកទាំងពីរគណៈ សូមព្រះមេត្តា និងមេត្តា ចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពក្នុងចេតនាទុច្ចរិត ចំពោះព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ ពុទ្ធិកសមាគមកម្ពុជរដ្ឋ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្រសួងធម្មការ និងសាសនា រួមនិង គណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើការកោះហៅបុគ្គលរូបនេះមកទទួល ខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន “។
ពាក់ព័ន្ធករណីខាងលើនេះ ព្រះគ្រូ មុនីបាលោ ជួន កក្កដា បានមានសង្ឃដីកាតាមរយៈសង្គមហ្វេសប៊ុកផ្លូវការថា ញោមលើកឡើងថា បួសជាព្រះសង្ឃទម្ងន់ដល់អ្នកស្រុកដូចជាមិនត្រូវទេញោម ខុសធ្ងន់ណាស់ ព្រោះចំពោះអាត្មាឆ្លងកាត់បណ្តុះបណ្តាលព្រះសង្ឃជាង ១០ឆ្នាំមកនេះនៅវត្តប្រាសាទនាងខ្មៅ គឺទទួលបានកូនសិស្សគណសរុប ៤៦៧៧អង្គ/នាក់ គឺសុទ្ធតែស្រោចស្រង់អំពីគ្រួសារដែលលំបាកទីទាល់ក្រ ហើយគ្មានទីពឹង ដេីម្បីយកមកបង្ហាត់អប់រំអោយផុតអំពីទម្ងន់គ្រួសារ ទម្ងន់សង្គម កាត់បន្ថយភាពក្រីក្រលំបាក និងអវិជ្ជា ចូលមករកម្លប់ដ៏ត្រជាក់ក្នុងព្រះពុទ្ធសាសានា។ ម្យ៉ាងទៀតពុទ្ធបរិស័ទដែលជ្រះថ្លាបរិច្ចាគជួយឧបត្ថមទ្រទ្រង់រាល់ថ្ងៃនេះ មិនបង្ខំពួកគាត់នោះដែរ គឺកេីតចេញពីការជ្រះថ្លារបស់គាត់បរិច្ចាគជួយដោយចិត្តបរិសុទ្ធរបស់គាត់តែប៉ុណ្ណោះ។
ចំណុចដែលញោមថា ព្រះត្រៃបិដកមិនគ្រប់ទឹកនេះ ញោមបានមើលងាយជាន់ឈ្លីពុទ្ធវចនពេកហើយ ថែមទាំងបានមេីលងាយអ្នកប្រាជ្ញរបស់ខ្មែរក្រុមជំនុំព្រះត្រៃបិដក ដែលលោកខិតខំប្រឹងដើម្បីព្រះត្រៃបិដក ១១០ភាគនេះ ហើយបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទគ្រប់វ័យរហូតមកដល់សព្វថ្ងៃនេះ។
សូមចម្រើនពរដល់ញោមអាជ្ញាធរដែលពាក់ពន័្ធមេត្តាចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គល ដែលប្រមាថមើលងាយលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋម្នាក់នេះផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី




