ខេត្តព្រះសីហនុ ៖ ក្រុមជនសង្ស័យ៥នាក់ក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ ។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។
សមត្ថកិច្ចទទួលពាក្យបណ្តឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានមន្ត្រីកងរាជអាវុធហត្ថចំនួន៥នាក់ បានចាប់ឆែកឆេររថយន្ត និងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។
សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។
ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ១០.០០០ ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម៖១៖ ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។ ២ ៖ ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ។ ៣៖ ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។ ៤៖ ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ។ ទី៥៖ ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។
មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







