Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវរួបរួមសាមគ្គីគ្នា ការពារឱ្យខានតែបាននូវសុខសន្តិភាព និងត្រូវប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមដែលតែងតែនិយាយបំភ្លើសបំភ្លៃការពិត មួលបង្កាច់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ មាន១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបប្រមាណ ៤ពាន់នាក់។

សម្តេចអគ្គមហាពញាចក្រី បានកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ដែលបានផ្តួចផ្តើមកសាងអគារសិក្សាដ៏ទំនើប និងស្រស់ស្អាតនេះឡើង ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី សម្តេចបានរំលឹកដល់គុណូបការៈឥស្សរជនជាតិជាន់ខ្ពស់គ្រប់រូប ក៏ដូចជាឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធមិត្តទាំងអស់របស់សម្តេច ដែលតស៊ូប្រគៀកស្មា បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ មករា ១៩៧៩ និងបានបន្តអភិវឌ្ឍប្រទេសជាតិមានភាពជឿនលឿន មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងពេញផ្ទៃប្រទេស បានដូចសព្វថ្ងៃនេះ។

សម្តេចបាន អំពាវនាវបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗសិស្សានុសិស្ស ត្រូវរួបរួមសាមគ្គីគ្នា ការពារឱ្យខានតែបាននូវសុខសន្តិភាព និងត្រូវប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមអគតិមួយចំនួនដែលតែងតែនិយាយអុចអាល បំភ្លើសបំភ្លៃការពិត មួលបង្កាច់រាជរដ្ឋាភិបាល ក្នុងគោលបំណងនាំយកបដិវត្តពណ៌ និងភ្លើងសង្គ្រាមចូលមកកម្ពុជាសារជាថ្មីម្តងទៀត។

ជាចុងក្រោយ សម្តេចបានជំរុញដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងយុវជនគ្រប់រូបឱ្យបន្តផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ។ មាតាបិតាគ្រប់រូប ត្រូវបញ្ជូនកូនគ្រប់អាយុ ឱ្យបានចូលសាលារៀនគ្រប់ៗគ្នា, អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ គិតគូរដល់ពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើសេវាមូលដ្ឋាន និងសេវាចាំបាច់នានា ប្រកដោយប្រសិទ្ធភាព តម្លាភាព និងស្មោះត្រង់ ។ ប្រជាពលរដ្ឋ លោកគ្រូអ្នក អ្នកគ្រូ ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្តកិច្ច ដើម្បីលុបបំបាត់អំពើអបាយមុខ គ្រប់ប្រភេទ មានដូចជា ល្បែងស៊ីសងគ្រប់ទម្រង់ គ្រឿងញៀន អសន្តិសុខសង្គម និងក្រុមក្មេងស្ទាវ ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×