Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការប្រុងប្រយ័ត្នការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានឲ្យដឹងថា ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានស្តីពីការផ្ទុះឡើងនៃយូមិនមេតាភ្នំម៉ូវីរុស “human metapneumovirus (HMPV) “បង្កឱ្យមានជំងឺផ្លូវដង្ហើម។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វីរុសនេះ បង្កឱ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។ យូមិនមេតាភ្ញីម៉ូវីរុស អាច បណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។ យូមិនមេតាភ្នំម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់ ហើយប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺ នេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថាប្រហែល ១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារគឺបណ្តាលមកពីយូមិនមេតាភ្ញីម៉ូវីរុស។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦ ទៅ ១៦ភាគរយនៃកុមារនឹងវិវត្តទៅជាជំងឺរលាកទងសួត រលាកសួត។

១. របៀបចម្លង៖

  • វីរុសនេះឆ្លងតាមការក្អក និងកណ្តាស់ ឬ
  • ការប៉ះពាល់ជិតស្និទ្ធ ដូចជាការប៉ះ ឬចាប់ដៃគ្នា ឱប ថើប ប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគ បន្ទាប់មកប៉ះ មាត់ ច្រមុះ ឬភ្នែក
    ២. រោគសញ្ញា៖
    រោគសញ្ញានៃជំងឺនេះ រួមមាន ក្អក គ្រុនក្តៅ តឹងច្រមុះ ហូរសំបោរ និងហត់(ដង្ហើមខ្លី) អាចវិវត្តទៅជាជំងឺ រលាកទងសួត ឬជំងឺរលាកសួត ហើយស្រដៀងគ្នាទៅនឹងរោគសញ្ញានៃជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីមេរោគ ផ្សេងទៀត។ រយៈពេលពីការឆ្លងទៅដល់ចេញរោគសញ្ញា (រយៈពេលសំងំ) គឺពី៣ ទៅ ៦ថ្ងៃ។
    ៣. របៀបបង្ការសម្រាប់គ្រប់ប្រភេទវីរុស និងមេរោគបង្កជំងឺផ្លូវដង្ហើម សំខាន់ត្រូវអនុវត្តដូចខាងក្រោម៖
    ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ ហើយចៀសវាង យកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់ ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
    ពេលក្អក ឬ កណ្តាស់ សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត ប្រើផ្នត់កែងដៃអាវខ្ទប់មាត់ និង ពាក់ម៉ាស់ ដើម្បីបង្ការការចម្លងទៅអ្នកដទៃ។ មិនត្រូវប្រើបាតដៃខ្ទប់មាត់របស់អ្នកផ្ទាល់ទេ។
    បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងរោគ ដោយត្រូវពាក់ម៉ាស និង អនុវត្តវិធានការបង្ការការចម្លងដូចរៀបរាប់ខាងលើ។
    ចៀសវាងការចែករំលែកកែវទឹក និងបរិក្ខារបរិភោគជាមួយអ្នកដទៃ
    នៅពេលអាកាសធាតុចុះត្រជាក់ សូមស្លៀកពាក់សម្លៀកបំពាក់ក្រាស់សមស្រប ដើម្បីបង្ការភាពត្រជាក់ ជា ពិសេសទារក កុមារនិង មនុស្សវ័យចំណាស់ ដែលងាយនឹងឈឺដោយសារអាកាសធាតុត្រជាក់។

ចូរស្វែងរកការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដក ដង្ហើម គ្រុនក្តៅ ក្អក ឈឹក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត
ក្នុងករណីឃើញមានជំងឺផ្តាសាយកើតឡើងច្រើនក្នុងសហគមន៍ សូមរាយការណ៍ជាបន្ទាន់ទៅលេខ ១១៥ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបនិងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×