ខេត្ដកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ឃុំចំបក់ លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យមានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដើមឈើចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ។
សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លើករណីគ្រោះថ្នាក់ខាងលើនេះ តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ដឹងថា៖ ក្នុងរថយន្ដមានមនុស្សប្រមាណ ៦៨នាក់ ស្រី៤៣នាក់ ក្នុងរថយន្ដមានកូនសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំពោះការខូចខាតគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សមិនមាននោះទេ ប៉ុន្តែរងរបួសស្រាល ធ្ងន់ចំនួន ០២នាក់ គឺ អ្នកបើកបរ និងព្រូ រថយន្ត។
មូលហេតុដែលបង្កជាគ្រោះថ្នាក់គឺ រថយន្តពេលធ្វើដំណើរចុះពីលើភ្នំគីរីរម្យ មកដល់ចំណុចខាងលើរថយន្ដ្ដមានបញ្ហា ហ្រ្វាំងជាន់មិនជាប់ រួចអ្នកបើកបរបានព្យាយាមបុកលេង ដើម្បីទប់ល្បឿន ចៃដន្យបានរេចង្កូតទៅផ្នែកម្ខាងផ្លូវរួចបានបុកដើមឈើទើបទប់ជាប់។
បច្ចុប្បន្នលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានជួយសង្រ្គោះដោយអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមកដល់ផ្នែកខាងក្រោមជើងភ្នំ នៅឃុំត្រែងត្រយឹង ដោយសុខសុវត្ថិភាព ។
រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយការយកចិត្តទុកដាក់ ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយសហការជាមួយ ឯកឧត្ដម ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ហើយបានជួបគ្រោះថ្នាក់ចរាចរនោះ មកដល់ត្រឹមម៉ោង ១១យប់ ថ្ងៃទី២៩ ខែធ្នូ នេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានធ្វើដំណើរតាមរថយន្ត មកដល់វិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមកដល់សាលាស្រុកព្រៃឈរ នៅវេលាម៉ោង ១២ និង៤០ ដោយសុវត្ថិភាព។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ខណៈពេលដែល រូបលោក រួមជាមួយនឹង លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងសហការី ជាច្រើននាក់ ត្រូវបានឯកឧត្ដម អភិបាលខេត្តកំពង់ចាម ចាត់ឲ្យចាំទទួលដំណើរវិលត្រឡប់វិញ របស់សិស្សានុសិស្សទាំងអស់នោះ នៅខាងមុខវិទ្យាល័យល្វា ស្រុកព្រៃឈរ ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឲ្យដឹងដែរថា ពេលនេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានមកដល់គោលដៅហើយ តែយើងក៏នៅតែបន្តរង់ចាំទទួលដំណើរវិលវិញ របស់សិស្ស ក្នុងវគ្គបន្តបន្ទាប់ទៀត ផងដែរ ។ ដោយឡែក សិស្សមួយចំនួនទៀត ក៏ត្រូវបានឪពុកម្ដាយ របស់ពួកគេ បានទៅទទួលដោយផ្ទាល់ ពីខេត្តកំពង់ស្ពឺ មកកាន់លំនៅដ្ឋាន របស់ពួកគេហើយដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












