ភ្នំពេញ ៖ អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ « ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ » ២៩ ធ្នូ ១៩៩៨ ~ ២៩ ធ្នូ ២០២៤។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា “២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជាអៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ
របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថាសង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅ
កម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។
នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)”។
«ទិវាសន្តិភាពនៅកម្ពុជា» ដែលពីមុនប្រសិទ្ធនាមថា ទិវានយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម និងត្រូវបានកំណត់ ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យលេខ០១អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៕រក្សាសិទ្ធដោយ៖សុទ្ធលី









