ខេត្តកំពង់ចាម : “លោកមេឃុំ-ចៅសង្កាត់ព្រមទាំងមន្ត្រីក្រោមឱវាទត្រូវតែបន្តកិច្ចសហការជាមួយអង្គការសង្គមស៊ីវិលដែលគេបានជួយបង្ហាត់បង្រៀនរយៈពេលមួយថ្ងៃកន្លះសូមយកចំណេះដឹងដែលទទួលបានទៅអនុវត្តនៅមូលដ្ឋានបម្រើពលរដ្ឋហើយទទួលបានជោគជ័យក្នុងសហគមន៍”។នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនៅក្នុងឱកាសបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទសាលាខេត្ត។ជាមួយនោះគឺមានការចូលរួមពីអ្នកស្ម័គ្រចិត្តប្រមាណជាង៤០០នាក់ លោកមេឃុំនិងមន្ត្រីពាក់ព័ន្ធមួយចំនួន។
អ្នកស្រីឈុន ដាវី អាយុ៣៦ឆ្នាំ ជាអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពក្នុងសហគមន៍ បានលើកឡើងថា: គាត់បានចូលបម្រើការងារនេះនៅក្នុងឆ្នាំ ២០១៩ ដោយក្នុងនោះមានការងារដូចជាសាលាបឋមសិក្សាមណ្ឌលសុខភាពនិងកិច្ចការរបស់សាលាឃុំ។ធ្វើយ៉ាងណាពន្យល់ពលរដ្ឋដែលមានកូនគ្រប់អាយុត្រូវតែនាំមកចុះឈ្មោះចូលរៀន ពិនិត្យមើលរឿងការលក់ដូរចំណីអាហារដែលនាំឲ្យប៉ះពាល់សុខភាពកុមារជាដើម។ ជាមួយនោះអ្នកដែលមិនសូវមានថវិកាសូមមកទទួលសេវាព្យាបាលជំងឺនៅមណ្ឌលសុខភាព បន្ថែមលើសពីនេះត្រូវឲ្យពលរដ្ឋមកទទួលសេវានានានៅសាលាឃុំក្នុងឃុំស្វាយទាប ឲ្យមានតម្លាភាពហើយការងារនេះបានទទួលជោគជ័យប្រមាណ៧០%ហើយ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថាក្នុងនាមជាមន្ត្រីបម្រើនៅតាមសាលាឃុំមណ្ឌលសុខភាពក៏ដូចជាសាលាបឋមសិក្សានានាក្នុងខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានធ្វើយ៉ាងណាឱ្យពួកគាត់សប្បាយចិត្តក្នុងពេលដែលមកទទួលយកសេវា។ ដើម្បីឱ្យការងារសម្រេចបានជោគជ័យនោះគឺមានកត្តាជំរុញឲ្យមន្ត្រីទាំងអស់នៅតាមសាលាឃុំ មានមេឃុំ មកសិក្សារៀនសូត្ររយៈពេលមួយថ្ងៃកន្លះដោយធ្វើឡើងនៅថ្ងៃទី២៦ និងព្រឹកថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាកត្តាសំខាន់គឺមានកិច្ចសហការជាមួយអង្គការសង្គមស៊ីវិលដូចជាអង្គការworld vision ដែលបានជួយដល់ក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់នៅតាមបណ្ដាស្រុកជាច្រើនក្នុងខេត្តកំពង់ចាមក្នុងគោលបំណងលើកស្ទួយផ្នែកបម្រើសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង។អភិបាលខេត្តបានរំលឹកថាអង្គការមួយនេះគឺមានកិច្ចសហការល្អក្នុងអំឡុងពេលដែលរូបលោកបម្រើការងារជាអភិបាលខេត្តព្រះវិហារនិងពេលដែលប្រមុខរាជរដ្ឋាភិបាលឱ្យមកបម្រើការងារជាអភិបាលខេត្តកំពង់ចាមឃើញថា អង្គការដែលជាដៃគូល្អមួយនេះបានតាមមកជួយដល់ខេត្តកំពង់ចាមទៀតពិតជាប្រពៃណាស់។ ជាមួយនោះរដ្ឋបាលខេត្តក៏សូមអបអរសាទរនៅឆ្នាំ២០២៥ អង្គការមួយនេះនៅតែបន្តសកម្មភាពជួយដល់កិច្ចការសង្គមបន្ថែមទៀត ដូច្នេះទាមទារឱ្យមន្ត្រីទាំងអស់ដែលទទួលបានចំណេះដឹងនេះយកទៅអនុវត្តធ្វើយ៉ាងណាបម្រើសេវាជូនពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អ ហើយពលរដ្ឋមានការ ជឿជាក់ទុកចិត្តមកលើមន្ត្រីនិងអាជ្ញាធរតុក្កតានេះហើយដែលធ្វើឲ្យសង្គមជាតិមានការរីកចម្រើន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

























