Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាលសេចក្តីជូនព័ត៌មានស្តីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺកញ្ជ្រឹលគឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកញ្ជ្រោលនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។
ប្រទេសកម្ពុជារួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្ជ្រឹលឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម។ ក្រសួងសុខាភិបាល កត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជ្រឹលមានការកើនឡើង ជា បន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកព្រឹលសរុប៣៧៥ ករណីក្នុងខេត្តចំនួន១៧។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកញ្ជ្រឹល-ស្ដួច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។

១. របៀបចម្លង៖

ជំងឺកញ្ជ្រឹលអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។
ជំងឺកញ្ជ្រឹលឆ្លងតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមាន មេរោគរហូតដល់ទៅពីរម៉ោង។
ជំងឺកញ្ជ្រឹលឆ្លងខ្លាំងណាស់ ប្រសិនបើគេដាក់អ្នកជំងឺកព្រឹលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ ផ្សេងទៀតដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកព្រឹល
ជំងឺកញ្ជ្រឹលមានសមត្ថភាពឆ្លង ក្នុងអំឡុងបួនថ្ងៃមុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃ បន្ទាប់ពីកន្ទួលក្រហមរលុបបាត់។

២. រោគសញ្ញា៖
ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស
រោគសញ្ញាដំបូងច្រើន កើតមានក្នុងរយៈពេល ៤ ទៅ៧ ថ្ងៃ
ហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក
មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់
កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើត មាន ៧ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហម និងរលុបបាត់ក្នុងអំឡុង ៥ទៅ៦ថ្ងៃ។

ផលវិបាករួមមាន៖
•ពិការភ្នែក
•ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល)
•រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ

  • ឆ្លងមេរោគក្នុងត្រចៀក
  • បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត
  • ប្រសិនបើស្ត្រីមានជំងឺកញ្ជ្រឹលអំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយ អាចបណ្តាលឱ្យទារករបស់គាត់កើតមិនគ្រប់ខែ និងមានទម្ងន់ទាប។
    •ផលវិបាកភាគច្រើនកើតមានចំពោះកុមារអាយុក្រោម ៥ ឆ្នាំ កុមារខ្វះអាហារូបត្ថម្ភ ជា ពិសេសបុគ្គលដែលមិនមានវីតាមីនអាគ្រប់គ្រាន់ បុគ្គលមានប្រព័ន្ធការពាររាងកាយខ្សោយ អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ វីរុសកញ្ជ្រឹលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លង មេរោគផ្សេងៗដទៃទៀត បង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។

៣. របៀបបង្ការ៖
មធ្យោបាយដ៏ល្អបំផុត ក្នុងការបង្ការការកើតជំងឺកញ្ជ្រឹល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹល គឺ មានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាព តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ

ដោយសារមានការកើនឡើងនៃជំងឺកញ្ជ្រឹលឡើងវិញ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់មាតា បិតា និង អាណាព្យាបាលកុមារ សូមនាំកុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ដែលមានការខកខានមិនបាន ទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល-ស្ទូច ឱ្យបានពីរដូស និងគ្រប់គ្នា នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យនៅទូទាំងប្រទេស

ប្រសិនជួបករណីសង្ស័យជំងឺកញ្ជ្រឹល ដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួល ក្រហម សូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×