កំពង់ចាម ៖ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការកោះហៅឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ឱ្យចូលមកបំភ្លឺបន្ថែមទៀត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ពាក់ព័ន្ធនឹងអង្គហេតុដែលឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន បានផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤, ខណៈករណីកោះហៅនេះ ត្រូវបានស្អាតធារជន សាទរ ចំពោះការពង្រឹងក្រមសីលធម៌ និងច្បាប់ ប៉ុន្តែត្រូវចាំថា ទីតាំងមិនស្អុយ រុយមិនរោមទេ, ហើយក៏សូមអស់លោកសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសតុលាការ មេត្តាពិនិត្យមើលអង្គហេតុ អង្គច្បាប់ ទៅលើជន ឬបុគ្គល ដែលអ្នកកាសែតផ្សាយនោះវិញផង ទើបហៅថា នីតិរដ្ឋ និងសង្គមយុត្តិធម៌។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ជូនមន្ទីរព័ត៌មានខេត្តកំពង់ចាម និងបណ្តាភ្នាក់ងារព័ត៌មានដូចខាងក្រោម:
១-គប្បីរំលឹកឡើងវិញផងដែរថា ករណី អ្នកសារព័ត៌មានឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ក៏ត្រូវបានក្រសួងព័ត៌មានកោះហៅ និងបានចេញលិខិតព្រមានរួចមកហើយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងវិធានការណ៍ផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន។
២-ស្របគ្នានឹងចំណាត់ការផ្នែកវិជ្ជាជីវៈខាងលើ, តំណាងអយ្យការក៏បានធ្វើការកោះហៅឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ឱ្យចូលមកបំភ្លឺបន្ថែមទៀត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ពាក់ព័ន្ធនឹងអង្គហេតុដែលឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន បានផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
៣-អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការកោះហៅនេះ គឺជាដំណើរការនីតិវិធីធម្មតាក្នុងរឿងក្តីព្រហ្មទណ្ឌក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម ដូចក្នុងសំណុំរឿងផ្សេងទៀតដែរ គឺដើម្បីធ្វើការប្រមូលព័ត៌មាន និងពិនិត្យលើបទល្មើស ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់កម្ពុជា។
៤-ក្នុងសង្គមនីតិរដ្ឋ និងប្រជាធិបតេយ្យដូចប្រទេសកម្ពុជា រឿងក្តីព្រហ្មទណ្ឌត្រូវដំណើរការ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ជាធរមានដទៃទៀត។ ការស៊ើបអង្កេតបឋម គឺជាកិច្ចនីតិវិធីប្រមូលព័ត៌មាន ភស្តុតាង និងពិនិត្យលើតម្រុយនៃបទល្មើស មិនមែនជាការផ្តន្ទាទោសភ្លាមៗ ឬដាក់ពន្ធនាគារលើជនណាម្នាក់ ដោយមិនបន្តនីតិវិធីផ្សេងទៀតនោះទេ។
ករណីអ្នកសារព័ត៌មាន និងការគោរពច្បាប់ ក្រមសីលធម៌នេះ ជាពិសេសប្រឈមនឹងការកោះហៅរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតុលាការជាដើម សាធារណជនសូមអំពាវនាវដល់សមត្ថកិច្ចទាំងអស់ឲ្យបានជ្រាបថា បើអស់លោកមានសមត្ថកិច្ច ជាពិសេស គឺតុលាការ កោះហៅអ្នកសារព័ត៌មានទៅតាមអង្គហេតុ និងអង្គច្បាប់ គឺសាធារណជនសប្បាយចិត្តណាស់, ប៉ុន្តែអ្វីដែលសប្បាយលើសលប់គគ្រឹកគគ្រេងទៀតនោះ គឺ អស់លោកមានសមត្ថកិច្ច ជាពិសេស គឺតុលាការ នេះឯង ត្រូវពិនិត្យមើលអង្គហេតុ អង្គច្បាប់ ចំពោះជនពាក់ព័ន្ធនឹងការផ្សាយនោះឱ្យបានម៉ឺងម៉ាត់ផងដែរ ទើបមានយុត្តិធម៌ សមធម៌ និងសង្គមធម៌ កុំឱ្យហៅតែអ្នកកាសែតមកសាកសួរ ដាក់បន្ទុក ឬដោះបន្ទុក រីឯជនដែលអ្នកកាសែតផ្សាយ បែរជារួចខ្លួន, ” ត្រូវចងចាំថា ទីកន្លែងមិនស្អុយ រុយមិនរោមទេ” ៕ ពិសិដ្ឋ CEN






