ក្នុងពិធីដាក់ឱ្យដំណើរការ “ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដែលជាឱកាសឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០, ហើយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនតម្រូវឱ្យបង់ពន្ធ ឬជាប់ពន្ធឡើយក្នុងកម្រិតផលចំណូលរបស់ខ្លួន។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ ៥ គឺ : «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ថ្មីៗនេះ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុក្រឹត្យនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ដូចជា កំណត់បែបបទ និងនីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចចូលរួមបានពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការ “ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” គឺសំដៅជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទៅជាកិច្ចការអាទិភាព និងចាំបាច់បំផុត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងជំរុញពិពិធកម្ម សេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ ជាមួយគ្នានេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធឡើយ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ៕ ពិសិដ្ឋ CEN



























