ខេត្តកំពត ៖ ល្ងាចថ្ងៃសុក្រ ទី១៣ ធ្នូ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។
ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ ការជ្រើសរើសខេត្តកំពតដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា« ខ្ញុំសូមចូលរួមអបអរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពត ដែលបានចូលរួមសហការរៀបចំបុណ្យសមុទ្រនេះឡើងបានយ៉ាងល្អ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណចំពោះការចូលរួមពីបណ្តាមិត្តអន្តរជាតិ បណ្តាស្ថានទូតតាមប្រទេសនានា ដែលមានស្តង់តាំងបង្ហាញ រួមទាំងមានក្រុមរបាំបានចូលរួមផងដែរ ដែលនេះបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទេសចរណ៍គឺធ្វើឡើងពីការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងខេត្តផ្សេងៗគ្នា និងការតភ្ជាប់ជាមួយប្រជាជននៃប្រទេសផ្សេងៗគ្នា ហើយវប្បធម៍ សិល្បៈ និងទេសចរណ៍នេះគឺជាកិច្ចការសំខាន់ណាស់ ដែលកម្ពុជាបានយកចិត្តទុកដាក់នៅក្នុងការតភ្ជាប់ និងការជំរុញ ដូចនេះការរៀបចំបុណ្យសមុទ្រនេះ មានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិគឺជាកិច្ចការសំខាន់ណាស់។
សូមបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន៕រក្សាសិទ្ធដោយ៖សុទ្ធលី

















































