ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកសម្ពោធពិពរណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិពណ៌ពាណិជ្ជកម្មនេះត្រូវបានរៀបចំឡើងដែលមានការរៀបចំព្រឹត្តិការណ៍អម ដូចជាវេទិកាពាណិជ្ជកម្មឌីជីថលលើកទីមួយដែលស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងនិន្នាការនៅក្នុងតំបន់ និងសកល និងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េដែលទាំងនេះពិតជាយន្តការបង្កើតឱកាសការចាប់ដៃគូពាណិជ្ជកម្ម និងបង្កើតបណ្តាញទំនាក់ទំនង បង្កើនសកម្មភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលសក្តានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិសំដៅរួមចំណែកដល់ការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍តាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្តរជាតិដែលរួមមាន៖
ទី១-ការបន្តធ្វើពិពិធកម្មទីផ្សារទាំងក្នុង និងក្រៅប្រទេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះនានាដែលកម្ពុជាទទួលបានសម្រាប់ធ្វើពិពិធកម្មផលិតផលនាំចេញ
ទី២-ការបន្តធ្វើកិច្ចសម្របសម្រួលពាណិជ្ជកម្មជាពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការផ្តល់សេវាសាធារណៈ
ទី៣-ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យឯកជនដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន។
អនុសាសន៍របស់សម្តេចមហាបវរធិបតី៖
ទី១. បន្តអនុវត្តអភិក្រម “ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី” ដើម្បីធានាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្រប ទាំងក្នុងស្រុក និង អន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ។
ទី២. ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែល នឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់ ជាពិសេស នៅ ពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ដោយរលូន និង ប្រកបដោយចីរភាព ។
ទី៣. បន្តចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក, ព្រមទាំង រៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ ក្នុង និង ក្រៅប្រទេស ជាពិសេសពង្រីកលទ្ធភាព នៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំ វិស័យឯកជនបន្ថែមទៀតទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេស ដែលមានទីផ្សារសក្តានុពល រួមមាន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម។ល។ ចំពោះព្រឹត្តិការណ៍ពិព័រណ៍ក្នុងប្រទេស សូមពង្រឹងការយកចិត្តទុកដាក់ឱ្យចំគោលដៅផលិត ផល ដោយផ្តោតលើការផ្គូរផ្គងរវាងអ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញដោយផ្ទាល់ ។
ទី៤. បន្តធ្វើទំនើបកម្មកិច្ចការពិព័រណ៍ តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ក្នុងការគ្រប់គ្រង ព្រឹត្តិការណ៍ពិព័រណ៍ និង ការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍ សម្រាប់វិស័យឯកជន និង ស្ថាប័នរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ឆាប់រហ័ស។
ទី៥. ជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និង ប្រកបដោយចលនការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយធានាឱ្យបាននូវកម្មវិបាកអវិជ្ជមានជាអប្បរមា និង លើកឡើងនូវការស្នើវិធានការ និង យុទ្ធសាស្ត្រនានា ដើម្បីធានាបាននូវចីរភាពនៃការ អភិវឌ្ឍ ក្រោយកម្ពុជាចាកចេញដោយជោគជ័យនៅឆ្នាំ ២០២៩ ក៏ដូចជាការឈានដល់ការ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ទី៦. ជាការរួមចំណែកក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែល បានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២២- ២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២៣-២០៣៥ ដើម្បីប្រសិទ្ធភាព សេដ្ឋកិច្ច និង កាត់បន្ថយថ្លៃពាណិជ្ជកម្ម និង ពេលវេលា, ក្រសួងពាណិជ្ជកម្ម ត្រូវបន្តជំរុញ ការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ព្រមទាំង បន្តពង្រឹងសមត្ថភាពមន្ត្រីឌីជីថល តាមរយៈការបណ្តុះបណ្តាលជាប្រចាំ និង ការលើកម្ពស់ ភាពជាអ្នកដឹកនាំឌីជីថល ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដើម្បីទាញយកផលប្រយោជន៍ ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕ រក្សាសិទ្ធដោយ៖សុទ្ធលី














