Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ៖ នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ឈ្មោះ USS SAVANNAH នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព

ភ្នំពេញ ៖ តបតាមសំណើរបស់សហរដ្ឋអាមេរិក ក្នុងការចូលសំចតនាវា និងទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិក ចំនួន១០៣នាក់ នឹងធ្វើការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលក្រសួងការពារជាតិ បានបញ្ជាក់ថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។ ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។

ក្នុងផែនការសកម្មភាពដែលបានគ្រោងទុករួមមាន ជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ។

ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរ ឡើង រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×