Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសឡាវដោយសុវត្ថិភាព

ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដល់ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាពនិងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំមន្រ្តីរាជការ រដ្ឋសភាម្ចាស់ផ្ទះ។

វត្តមានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាដល់ អាកាសយានដ្ឋានអន្តរជាតិ Wattay នៃទីក្រុងវៀងចន្ទន៍ មាន ឯកឧត្តម Khamchanh SOTAPASEUTH សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាឡាវ ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវជាច្រើននាក់។ ជាមួយគ្នានេះ ក៏មានវត្តមាន ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាកម្ពុជាប្រចាំនៅប្រទេសឡាវនិងសហការី ផងដែរ។

តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកវិស័យការទូតសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ។

ក្រោយពីបានអញ្ជើញដល់ប្រទេសឡាវ នៅថ្ងៃព្រឹកថ្ងៃទី១៨ ខែតុលា ស្អែកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៥ ដែលជាកិច្ចប្រជុំសំខាន់ មានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាដែលជាសមាជិកអាយប៉ា ដើម្បីពិភាក្សា អនុម័តកម្មវិធី និងរបៀបវារៈមហាសន្និបាតលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×