រាជធានីភ្នំពេញ: នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមន្រ្តីក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនThanathorn International.co.,Ltd និងក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្តកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំងដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ០២ទីតាំង។
ក្រោយពីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញនូវផលិតផលធូបមូសម៉ាកRangerក្លែងក្លាយចំនួន ១.៤៥៨កេស ស្មើនិង ១៥.៥១៤គីឡូក្រាម និងសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី











