Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប បាញ់កាំជ្រួច និងបង្ហោះគោម តាមដងស្ទឹងសែន ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ ក្នុងពិធីបើកការប្រណាំងទូក ខេត្តកំពង់ធំ ឆ្នាំ២០២៤

ខេត្តកំពង់ធំ ៖ នៅក្នុងពិធីបើកការប្រណាំងទូកនៅខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា ពិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ គឺធ្វើឡើងដើម្បីស្វែងរកទូកដែលមានល្បឿនលឿនឈានទៅធ្វើការប្រណាំងនៅថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ដល់ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងឯកឧត្ដម ឃឹង នុភាព តំណាងរាស្រ្តមណ្ឌលកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីក្រោមឱវាទ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមបន្តថា ក្នុងរយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំការប្រណាំទូកនៅពេលថ្ងៃ និងពេលរាត្រី មានកម្មវិធីប្រគំតន្រ្តី បណ្តែតប្រទីប បាញ់កាំជ្រូច បង្ហោះគោម ព្រមទាំងរៀបចំស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។ ដើម្បីបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា ឯកឧត្តម បានរៀបចំកងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសបានការរៀបចំតាំងល្អ ភ្លើងព័ណ៍ចម្រុះនៅលើស្ពាន តាមទីធ្លាកំសាន្ត បន្ថែមទៀត។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយ និងចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឲ្យបានល្អប្រសើរ។

ទន្ទឹមនឹងនោះ ឯកឧត្តម នួន ផារ័ត្ន ក៏បានណែនាំដល់បងប្អូនកីឡាករអុំទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់យើងឲ្យគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ និងសូមសំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ព្រមទាំងសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំពិធីនេះឡើងប្រកបទៅដោយភាពរលូន និងសប្បាយរីករាយ។

សូមបញ្ជាក់ថា ឆ្នាំនេះមានទូកចូលរួមប្រឡងប្រណាំងសរុបចំនួន ៦៦ទូក ដែលមានកីឡាករសរុបចំនួន ២,០៨០នាក់ ក្នុងនោះចំណុះអុំ ១,៧០៧នាក់ កម្លាំងបំរ៉ុង ៣៧៣នាក់ ទូកខ្នាតវែង មានចំនួន ០៩ទូក ទូកខ្នាតអន្តរជាតិ ចំនួន ៤១ទូក និងទូកផ្កាចារ ចំនួន ១៦ទូក។រក្សាសិទ្ធដោយ ៖ សុទ្ធលី

×