ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែណែនាំឲ្យឲ្យកងទ័ព ត្រៀមចូលរួមជាមួយអាវុធហត្ថ និងនគរបាល ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ទាំងធនធានធម្មជាតិ និងបទល្មើសតាមអនឡាញ។ ជាក់ស្ដែងរយៈពេល៦ខែមកនេះ កងទ័ពជើងគោក បានចូលរួមជាមួយស្ថាប័ន មានសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។
ការថ្លែងណែនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី បានអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤។
អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖
ទី១.កងទ័ពត្រូវតែជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ ដោយដាច់ខាតស្មោះត្រង់ចំពោះ ជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទ ប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់នូវប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។
ទី២.គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិរភាព និងមានប្រសិទ្ធភាព ពោលគឺសូម ប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សា គ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គង់វង្ស និងគ្រប់គ្រាន់។
ទី៣. គ្រប់អង្គភាពទាំងអស់ ត្រូវបន្តពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និង ការកសាងប្រភព ធនធានមនុស្ស, ទាំងបរិមាណ និងគុណភាព, ដើម្បីបម្រើការពារជាតិឱ្យមាន ប្រសិទ្ធភាព។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់ យោធិនឱ្យស្របទៅតាមភារកិច្ច។
ទី៤. អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់ បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជា យថាហេតុណាមួយ ដោយស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួត ជាមួយនឹងអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ។
ទី៥. ត្រូវយកចិត្តទុកដាក់ក្នុងការធានាកិច្ចការភស្តុភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បី ធានាជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឱ្យបានកាន់តែល្អប្រសើរ។
ទី៦. ត្រូវរៀបចំកិច្ចការងារសោធន និងវាយតម្លៃអំពីពិការភាព ប្រកបដោយសុក្រឹតភាព និងតម្លាភាព។ ក្នុងន័យនេះ សម្តេចធិបតី ផ្តល់គោលការណ៍៖ (១) ចំពោះយោធិន ត្រូវយកចិត្តទុកដាក់ការចូលនិវត្តន៍ចំពោះនាយទាហាន និងពលទាហានប្រភេទពីរ ដែលបាត់បង់សមត្ថភាពការងារ និង (២) ចំពោះយោធិនជំនាញ ដែលនៅមាន សុខភាពល្អ ដើម្បីបន្សំ និងបណ្តុះបណ្តាលអ្នកបន្តវេន។ សម្តេចធិបតី ក៏បាន ណែនាំឱ្យពង្រឹងយន្តការវាយតម្លៃយោធិនពិការ ដើម្បីធានានូវតម្លាភាព និងសច្ចភាព សំដៅបង្កើនការវាយតម្លៃឱ្យបានត្រឹមត្រូវ ជាពិសេស ក្នុងការផ្តល់អត្ថប្រយោជន៍សម្តេចធិបតី ហ៊ុន ម៉ាណែតទៅដល់យោធិនពិការពិតប្រាកដរបស់កម្ពុជា ដែលមានគុណបំណាច់ នៅក្នុងបុព្វ- ហេតុការពារជាតិមាតុភូមិកម្ពុជា។
ទី៧. កងយោធពលខេមរភូមិន្ទ ជាពិសេសកងទ័ពជើងគោក ត្រូវត្រៀមលក្ខណៈ ដើម្បីចូលរួមគាំទ្រដល់កងរាជអាវុធហត្ថ និងនគរបាលជាតិ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងបទល្មើសធំៗ ដែលជាហានិភ័យដល់សន្តិសុខជាតិ និងសន្តិសុខ សង្គមរបស់កម្ពុជាដូចជា៖ (១) បទល្មើសធនធានធម្មជាតិ (២) ការជួញដូរ គ្រឿងញៀនឆ្លងដែន និង (៣) បទល្មើសឆបោកតាមអនឡាញ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កងយោពលខេមរភូមិន្ទ ជាពិសេសកងទពជើងគោក សូមត្រៀមលក្ខខណៈ ដើម្បីចូលរួមគាំទ្រ ដល់កងរាជអាវុធហត្ថ និងនគរបាលជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសធំៗដែលប៉ះពាល់ដល់សន្ដិសុខជាតិ នៅពេលខាងមុខ។
សម្ដេចបវរធិបតីបានបន្ដថា «ក្នុងនោះរួមមានបទល្មើសធនធានធម្មជាតិ, ការជួញដូរគ្រឿងញៀនឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ កិច្ចការងារនេះជាកិច្ចការងារដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ មន្រ្ដីអនុវត្តន៍ របស់យើង ពិសេសកងកម្លាំងអនុវត្តច្បាប់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ បានបំពេញភារកិច្ចយ៉ាងល្អ ប៉ុន្ដែស្ថានភាព និងការប្រែប្រួលតម្រូវការ ត្រូវបង្កើនកម្លាំង ព្រោះនេះជាហានិភ័យសម្រាប់សន្ដិសុខជាតិ និងសន្ដិសុខសង្គមរបស់ប្រជាពលរដ្ឋ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ឥឡូវនេះយើងគ្មានសង្គ្រាមនោះទេ យើងរក្សាបាននូវសុខសន្ដិភាពទប់ស្កាត់ កុំឲ្យផែនការជ្រុលនិយម អាចដុតប្រទេសយើងបាន ប៉ុន្ដែពេលជាមួយគ្នានេះយើងក៏ត្រូវប្រឈម ជាមួយបញ្ហាហានិភ័យសន្ដិសុខ បទល្មើសបំផ្លាញ និងទន្ទ្រានធនធានធម្មជាតិ ព្រៃឈើរបស់យើង ការទប់ស្កាត់គ្រឿងញៀន និងការឈានចូលដល់ការរៀបចំ បង្កើនយុទ្ធនាការ និងប្រសិទ្ធិភាពក្នុងការប្រយុទ្ធ និងការឈរ បោកតាមអនឡាញនាពេលខាងមុខ ដែលទាមទារត្រូវបង្កើនកម្លាំង កងទ័ពជើងគោកក៏ដូចជាកងយោពលខេមរភូមិន្ទ ដើម្បីគាំទ្រដល់កងកម្លាំង នគរបាលយុត្តិធម៌ ដែលកងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានអនុវត្តយ៉ាងសកម្ម។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារនេះយើងបានសាកល្បងរួចមកហើយ ក្នុងរយៈពេល៦ខែមកនេះ កងកម្លាំង និងកងទ័ពជើងគោកក៏បានចូលរួមបង្កើនសកម្មភាព ទោះបីជាមិនមានក្នុងផែនការ ផ្លូវការក៏ដោយ ក្នុងការចូលរួមគ្រប់គ្រង តំបន់ទន្រ្ទានការកាប់ព្រៃឈើ កន្លងទៅយើងមានគណកម្មាការដឹកនាំប្រយុទ្ធប្រឆាំង ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ជាមួយអាជ្ញាធរដែនដី ជាមួយនឹងជំនាញបរិស្ថាន និងក្រសួងពាក់ព័ន្ធ។
សម្ដេចបវរធិបតីបានថ្លែងបន្ដថា «ដូច្នេះការប្រយុទ្ធប្រឆាំង ជាមួយគ្រោះហានិភ័យ ទៅដល់ប្រទេសជាតិ មិនមែនមានតែសង្គ្រាមប្រដាប់អាវុធនោះទេ មិនមែនមានតែការបំផ្លិចបំផ្លាញសុខសន្ដិភាពប៉ុណ្ណោះនោះទេ ប៉ុន្ដែការបំផ្លាញប្រទេសកម្ពុជា តាមរយៈការបំផ្លាញសន្ដិសុខសង្គមតាម ការបំផ្លាញធនធានធម្មជាតិ ឧក្រិដកម្មឆ្លងកាត់ព្រំដែន ពិសេសគ្រឿងញៀននេះ និងការឈរបោកអនឡាញ ជាគ្រោះហានិភ័យ ទៅដល់ប្រទេសជាតិផងដែរ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី






















