Friday, May 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីពិធីសារសម្រាប់ការតាមដាន និងឆ្លើយតបមរណភាពមាតា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីពិធីសារសម្រាប់ការតាមដាន និងឆ្លើយតបមរណភាពមាតា នៅសណ្ឋាគារសាន់វ៉េ។

សិក្ខាសាលាពិគ្រោះយោបល់ នេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
១. ប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធ លើសេចក្តីព្រាងពិធីសារជាតិ ស្តីពីការតាមដាន និងឆ្លើយតបមរណភាពមាតា និងមរណភាពទារកជុំវិញកំណើត
២. កំណត់បញ្ហាប្រឈម និងកត្តាចូលរួមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្រាវជ្រាវមរណភាពមាតា
៣. ពិភាក្សាពីជំហានបន្ទាប់ក្នុងការអនុវត្តពិធីសារថ្មីដោយគណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត។

ក្នុងឱកាសនោះដែរ លោកជំទាវសាស្រ្តាចារ្យក៏បានមានអនុសាសន៍ លើបញ្ហាចំបងៗ ចំនួន៤ ដែលអង្គសិក្ខាសាលា ត្រូវជួយចូលរួមដោះស្រាយដូចជា
ការកាត់បន្ថយមរណភាពដែលកើតឡើងភាគច្រើននៅមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ ជាពិសេសភាពយឺតយ៉ាវ នៃការបញ្ជូនស្រ្តី និងទារកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន និងការគោរពតាមលក្ខខណ្ឌមុនពេលបញ្ជូន និងក្នុងពេលបញ្ជូន ការពង្រឹងជំនាញក្នុងការសង្គ្រោះជីវិតស្រ្តី និងមូលហេតុចំបង នៃមរណភាពមាតា និងទារកដូចជា ការធ្លាក់ឈាមក្រោយសម្រាល បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ការមិនឃើញសញ្ញាគ្រោះថ្នាក់ក្នុងពេលថែទាំមុនសម្រាល កិច្ចសហការណ៍ និងព័ត៌មានគ្លីនិកក្នុងការស្រាវជ្រាវរកមូលហេតុ នៃមរណភាព រួមមានការពន្យារពេលក្នុងការបញ្ជូនពីសហគមន៍ ឬការសម្រេចចិត្តរបស់ស្ត្រីឬគ្រួសារ ក្នុងអំឡុងពេលបញ្ជូន និងការផ្តល់សេវាក្នុងមន្ទីរពេទ្យ ភាពយឺតយ៉ាវ និងខកខានក្នុងការស្រាវជ្រាវមរណភាពមាតានៅថ្នាក់ខេត្ត និងរាជធានី ដោយកត្តាផ្សេងៗរួមមាន បញ្ហាថវិកា និងមន្ត្រីបំពេញតួនាទី។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបានបញ្ជាក់បន្ថែមនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅដល់វឌ្ឍនភាពឆ្នាំ២០៣០។ ជាពិសេសលោកជំទាវបានថ្លែងអំណរគុណចំពោះ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសូមឱ្យជួយផ្តល់នូវធាតុចូលសំខាន់ៗឱ្យបានច្រើន។

សិក្ខាសាលានេះរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងឧបត្ថម្ភដោយ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន UNFPA អង្គការសុខភាពពិភពលោក WHO USAID និងមានការចូលរួមពី មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×