រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យលើខ្លឹមសារនៃសៀវភៅជំនួយដល់ការបង្រៀន និងរៀន ស្តីពី នយោបាយឈ្នះឈ្នះ សម្រាប់មធ្យមសិក្សា ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ សាកលវិទ្យាធិការ មន្ត្រីវិទ្យាស្ថានស្រាវជ្រាវប្រវត្តិសាស្ត្រ យោធា និងមន្ត្រីជំនាញមកពីក្រសួងការពារជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា ក្រោយពិនិត្យយ៉ាងល្អិតល្អិនលើខ្លឹមសារនៃឯកសារព្រាងសៀវភៅនយោបាយឈ្នះឈ្នះ សម្រាប់មធ្យមសិក្សា ឯកឧត្តមសូមបានផ្តល់អនុសាសន៍កែលម្អមួយចំនួនដូចជា ៖ សូមតម្រឹមខ្លឹមសារឱ្យត្រូវគ្នាជាមួយសៀវភៅសិក្សាគោល ដោយគួររំលេចតែព្រឹត្តិការណ៍សំខាន់ៗ បន្ថែមសំណួរបំផុសដើម្បីជំរុញឱ្យសិស្សរៀនវិភាគ និងសិក្សាស្រាវជ្រាវបន្ថែមទៀតដោយខ្លួនឯង ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងត្រូវបន្ថែមជារូបភាពដើម្បីបង្កើនភាពទាក់ទាញ និងបញ្ជ្រាបសារអប់រំសំខាន់ៗនៅក្នុងសៀវភៅតែម្តង, ប្រុងប្រយ័ត្នលើខ្លឹមសារដែលរសើប និងមិនគួរលម្អិតខ្លាំង ដើម្បីបង្ការការភាន់ច្រឡំខ្លឹមសារ ដើម្បីបង្ការការបង្កើតជាព្រឹត្តិការណ៍នយោបាយសម្រាប់ជនឆ្លៀតឱកាស, រំលេចពីគុណតម្លៃ ៧មករា និងនយោបាយឈ្នះ ឈ្នះ ក្នុងសៀវភៅតែមួយ ដែលក្នុងនោះមានការចរចាសន្តិភាព និងផលលាភនៃសន្តិភាពផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







