ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារគយនៅកម្ពុជា” រៀបចំដោយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា នៅសណ្ឋាគារ Oakwood Premier Phnom Penh។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ១៥០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុននាំចេញ-នាំចូល, ក្រុមហ៊ុនដឹកជញ្ជូន, ក៏ដូចជាតំណាងមកពីរដ្ឋបាលគយថៃ។
ថ្លែងក្នុងមតិស្វាគមន៍ ឯកឧត្ដម Cherdkiat Atthakor ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណនិងស្វាគមន៍ចំពោះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលា។ ឯកឧត្ដមឯកអគ្គរាជទូត បានលើកឡើងពីលើសារៈសំខាន់នៃការយល់ដឹងអំពីការវិវត្តនៃគោលនយោបាយ ច្បាប់គយ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពាណិជ្ជកម្មរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ក៏បានបន្ថែមថាសិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីរបស់ស្ថានទូតថៃក្នុងការគាំទ្រធុរកិច្ចថៃនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការចែករំលែកចំណេះដឹងនិងការអនុវត្តល្អៗ ជាពិសេសក្នុងប្រតិបត្តិការគយនិងព្រំដែន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេចពីការសម្រេចព្រមព្រៀងគ្នាដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ” ក្នុងអំឡុងពេល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពេលនោះដែរ រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយថៃដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ទំនិញឆ្លងកាត់” ដើម្បីជួយសម្រួលបន្ថែមទៀតដល់ចរាចរណ៍ទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរ។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសារៈសំខាន់នៃសិក្ខាសាលានាថ្ងៃនេះក្នុងការលើកកម្ពស់ការយល់ដឹងរបស់ធុរជនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងសកម្មភាពនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរ អំពីច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ ជាពិសេសនីតិវិធីគយក្នុងការសម្រួលពាណិជ្ជកម្មដែលត្រូវបានដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងមកនេះ ស្របតាមវិធានការរបស់រាជរដ្ឋា-ភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការលើកកម្ពស់ចំណេះដឹងរបស់ផ្នែកឯកជនជាកត្តាដ៏ចំបងក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាក្នុងការលើកកម្ពស់អនុលោមភាពក្នុងការអនុវត្តនីតិវិធីគយ ឈានដល់ការទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីវិធានការសម្រួលពាណិជ្ជកម្មនានាផ្ដល់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជនខិតខំស្វែងយល់ និងអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមបញ្ញត្តិនៃច្បាប់ស្ដីពីគយនិងបទប្បញ្ញត្តិពាក់ព័ន្ធ និងប្រើប្រាស់យន្តការភាពជាដៃគូគយ-ផ្នែកឯកជនដើម្បីជំរុញកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចដំណើរការនៃសិក្ខាសាលានេះ មានការធ្វើបទបង្ហាញដោយតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអំពីការអនុវត្តនីតិវិធីពាក់ព័ន្ធគយកម្ពុជាដែលទើបដាក់អនុវត្តនាពេលថ្មីៗ, យន្តការសម្រួលពាណិជ្ជកម្ម និងទិសដៅជាយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ទន្ទឹមនេះ ក៏មានការធ្វើបទបង្ហាញដោយរដ្ឋបាលគយថៃអំពីការអនុវត្តនីតិវិធីគយនៅប្រទេសថៃ, និងការចែករំលែកបទពិសោធន៍ដោយក្រុមហ៊ុនថៃប្រកបរបរអាជីវកម្មដឹកជញ្ជូន និងនាំចេញ-នាំចូល នៅកម្ពុជា ក៍ដូចជាវេទិកាសំណួរ-ចម្លើយយ៉ាងផុលផុសតាមវគ្គនីមួយៗ៕









