Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ចុះបំពេញបេសកកម្មពិនិត្យតម្រាយផ្លូវទឹក​ “ព្រែកជីហ្វូណនតេជោ”​ ដែលមានស្រាប់និងពិនិត្យទីតាំងគ្រោងសាងសង់សន្ទះទ្វារទឹក១

តាកែវ៖ បេសកកម្មពិនិត្យតម្រាយផ្លូវទឹក​ “ព្រែកជីហ្វូណនតេជោ”​ ដែលមានស្រាប់ ពីចំណុចព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្ដាល ដល់ក្រុងដូនកែវ ខេត្តតាកែវ ឆ្លងកាត់ ព្រែកតាហ៊ីង ព្រែកក្បាលខ្មោច ស្ទឹងអង្គរបូរី ស្ទឹងអូរកែវ ប្រឡាយ១៥​ និងពិនិត្យទីតាំងគ្រោងសាងសង់សន្ទះទ្វារទឹក១ ក្នុងចំណោម៣ ត្រង់ចំណុចទំនប់អូរតុំ។

នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងតំណាងឯកឧត្តមអភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកា បានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង«ព្រែកជីកហ្វូណនតេជោ»។

ក្នុងបេសកកម្មនាឱកាសនេះ គណៈប្រតិភូទាំងអស់បានធ្វើដំណើរតាមតម្រាយផ្លូវទឹកដែលមានស្រាប់ពី ចំណុចព្រែកតាហ៊ីង ក្នុងភូមិសាស្ត្រនៃស្រុកកោះធំ ខេត្តកណ្ដាល រហូតទៅដល់គោលដៅដែលបានកំណត់ទុកគឺក្រុងដូនកែវ ទីរួមខេត្តតាកែវ ដោយបានឆ្លងកាត់ ព្រែកតាហ៊ីង ព្រែកក្បាលខ្មោច ស្ទឹងអង្គរបូរី ស្ទឹងអូរកែវ ព្រំប្រទល់កម្ពុជា-វៀតណាម និងប្រឡាយ១៥។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានចុះពិនិត្យទំនប់អូរតុំ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលជាទីតាំងគ្រោងនឹងសាងសង់សន្ទះទ្វារទឹកនាវាចរណ៍១ ក្នុងចំណោមសន្ទះទ្វារទឹកទាំង៣ របស់គម្រោងផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០គីឡូម៉ែត្រ គឺជាគម្រោងដែលនឹងប្រើប្រាស់ព្រែកធម្មជាតិ និងជាប្រវត្តិសាស្រ្តដែលមានស្រាប់របស់កម្ពុជាតាំងតែពីសម័យហ្វូណន។ ក្នុងនោះដែរ កំណាត់ផ្លូវទឹកប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រជាការពង្រីកបន្ថែមលើផ្លូវទឹកដែលមានស្រាប់ ចំណែក ៣៨គីឡូម៉ែត្រជាការតម្រង់ផ្លូវទឹកដែលមានភាពបត់បែនច្រើន និងមានត្រឹមតែ ៧គីឡូម៉ែត្រចុងក្រោយប៉ុណ្ណោះដែលតម្រូវឱ្យមានការជីកព្រែកថ្មីដើម្បីតភ្ជាប់ទៅសមុទ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំការយោគយល់ និងអធ្យាស្រ័យ តាមរយៈបណ្ដាញសារព័ត៌មាន ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងតម្រាយផ្លូវទឹកនេះ ដោយហេតុថា ការសាងសង់គម្រោងនេះស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា មុននឹងឈានទៅដល់ការដោះស្រាយផលប៉ះពាល់សមស្របមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បាននិងកំពុងគិតគូរសិក្សាយ៉ាងលម្អិតច្បាស់លាស់ ដើម្បីដោះស្រាយផលប៉ះពាល់ទាំងនេះ សំដៅធានាក្នុងការផ្តល់សំណងយ៉ាងសមស្របមួយជូនបងប្អូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងសូមកុំមានការព្រួយបារម្ភទៅតាមពាក្យចចាមអារាម ដែលតែងតែលេចលឺកន្លងមក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×