Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី បានលើកទឹកចិត្តឱ្យ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីងាយស្រួល ក្នុងការស្វែងរកការងារ

ខេត្តកំពង់ស្ពឺ​៖ នាព្រឹកថ្ងៃសៅរ៍​ ទី២៤​ សីហា​ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តវិធានការគន្លឹះវិស័យអប់រំ​ នៅសាលាបឋមសិក្សាត្រពាំងក្អែក​ នៅភូមិត្រពាំងក្អែក​ សង្កាត់វាលពង់​ ក្រុងឧត្តុង្គម៉ែជ័យ​។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា កុំភ្លេចធំបំផុត គឺគណិត ហើយនិងខ្មែរ ត្រូវពង្រឹង កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ គណិតវិទ្យាឲ្យមាំ នេះជាមូលដ្ឋានធំណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ម៉ោងដែលបង្រៀនបន្ថែម គឺផ្ដោតខ្លាំងប្រមាណ៨០ភាគរយ ទៅលើមុខវិទ្យាគណិតវិទ្យា និងមុខវិទ្យាភាសាខ្មែរ ខណៈភាសាអង់គ្លេស និងកុំព្យូទ័រ បន្ទាប់បន្សំបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ទៅដាក់ពាក្យរកការងារធ្វើក៏ពិបាក ជួនកាលសរសេរមិនត្រូវន័យទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សំណូមពរឲ្យឪពុក-ម្តាយ សហការជាមួយលោកគ្រូ-អ្នកគ្រូ ក្នុងការប្រដៅកូនរបស់ខ្លួន ឲ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេក រហូតនាំឲ្យកូនក្មេងខូចនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យឪពុកម្តាយ ឬអាណាព្យាបាល សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេករហូតនាំឱ្យកូនខូចនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាសូមគាំទ្រសាលា គាំទ្រលោកគ្រូអ្នកគ្រូ ហើយសហការគ្នា ព្រោះការអប់រំបណ្តុះបណ្តាលនេះទាល់តែ២នាក់ បានជួយបាន ឪពុកម្តាយ តា យាយ អាណាព្យាបាលនៅផ្ទះ ហើយលោកគ្រូអ្នកគ្រូនៅសាលា ពីរនាក់ហ្នឹងរួមគ្នាអប់រំ តែបើឪពុកម្តាយ លោកគ្រូអ្នកគ្រូ គាត់ទុកពេលច្រើនហើយការអប់រំគាត់អត់បានសហការគ្នាល្អ គាត់ សល់ម៉ោងដើរលេង ហើយកូនសិស្សអាងឪពុកម្តាយ កាន់ជើងកូន លោកគ្រូអ្នកគ្រូ អត់ហ៊ានបណ្តុះបណ្តាល។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការខិតជិតគ្នារវាងឪពុកម្តាយ​ អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ នឹងធ្វើឱ្យកិច្ចការងារអប់រំ បណ្តុះបណ្តាលកូនសិស្សបានកាន់តែល្អ ដោយសារតែឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ បានយល់ពីគ្នាកាន់តែច្បាស់ចំពោះការងារប្រៀនប្រដៅ អប់រំកូនសិស្សនៅក្នុងសាលា ដើម្បីបញ្ចៀសការយល់ច្រឡំណាមួយពីសំណាក់ឪពុកម្តាយ មកលើលោកគ្រូ អ្នកគ្រូ ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកអំពីករណីក្មេងសិស្សសាលាម្នាក់ ដែលធាក់តុគ្រូ នៅខេត្តកំពង់ឆ្នាំងកន្លងទៅ ហើយនៅពេលដែលហៅម្តាយចូលទៅជួបលោកគ្រូ និងកូនរបស់គាត់ តែម្តាយបែរជាទៅអង្អែលក្បាលកូន ដែលមើលទៅដូចជាការលើកទឹកចិត្តក្មេងនោះទៅវិញ។ ត្រង់ចំណុចនេះ ត្រូវបានសម្តេចធិបតី បានលើកឡើងថា៖ ខ្ញុំមិនថា មិនឱ្យឪពុកម្តាយស្រឡាញ់កូននោះទេ ប៉ុន្តែទង្វើការស្រឡាញ់ខ្លះធ្វើឱ្យកូនបានចិត្ត ហើយធ្វើឱ្យគ្រូ និងឪពុកម្តាយ អត់ត្រូវគ្នា តែបើគ្រូ និងឪពុក ម្តាយត្រូវគ្នា និយាយត្រូវគ្នា ទុកចិត្តគ្រូ ដូចកាលជំនាន់ខ្ញុំរៀន ពេលត្រូវរំពាត់គ្រូ ទៅដល់ផ្ទះប្រាប់ពុក គឺដឹងតែ ពុក ដាក់ថែម គាត់ថា គាត់ជឿគ្រូ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា លោកគ្រូអ្នកគ្រូ បច្ចុប្បន្ននេះ មិនមែនអប់រំកូនសិស្សដែលពិបាកអប់រំដោយប្រើរំពាត់ផ្តាំដូចពីមុននោះទេ ប៉ុន្តែ លោកគ្រូអ្នកគ្រូ បច្ចុប្បន្ននេះ បានខិតខំប្រឹងប្រែងអប់រំកូនសិស្សដោយប្រើប្រាស់កាយវិការ និងសម្តីទន់ភ្លន់ ដើម្បីឱ្យកូនសិស្សទាំងអស់យល់ដឹងពីតម្លៃនៃការអប់រំ។ ដូច្នេះ សូមលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល ត្រូវទុកចិត្តគ្នារួមគ្នា និងជួយគ្នាដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្លាំងចិត្តជួយគ្នា ដើម្បីប្រៀនប្រដៅ និងអប់រំកូនសិស្ស គឺជាធំធេងខ្លាំងណាស់ កូនរៀនពូកែហើយ តែក៏ត្រូវតែមានអត្តចរិតល្អផង គោរព ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ គឺជាកត្តាចាំបាច់បំផុត។ សម្តេចក៏បានរំលឹកឡើងថា នៅដំណាក់កាលដែលសម្តេចកំពុងសិក្សានៅសហរដ្ឋអាមេរិក សាលារៀននៅទៅនោះក៏មានអប់រំលើផ្នែកចរិយាមាយាទ និងសីលធម៌នេះផងដែរ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការមានវិន័យចាប់ពីកិច្ចការងារតូច ទោះអាចធ្វើកិច្ចការងារធំបាន។ ដូច្នេះ ការបង្រៀនកូនសិស្សឱ្យមានវិន័យចាប់ពីគ្រឹះក្រោមនេះ ទើបមានវិន័យអាចធ្វើកិច្ចការងារធំបាន។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានឱ្យដឹងថា សម្រាប់កម្មវិធីឥរិយាបថរយៈពេល២ម៉ោង កំពុងតែអនុវត្តនៅតាមសាលាមួយចំនួននៅកម្ពុជា បើទោះបីជាមើលទៅហាក់ជាកម្មវិធីតូច បើប្រៀបធៀបការអប់រំទូទៅ តែកម្មវិធីតូចៗនេះ វានឹងជួយបង្កើនសមិទ្ធផល ធនធានមនុស្ស លើផ្នែកឥរិយាបថ ដូច្នេះ សូមរួមគ្នាដោះស្រាយបញ្ហាតូចឱ្យបានទូលំទូលាយទាំងអស់គ្នា។

សម្តេចធិបតីក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ ចូលរួមប្រៀនប្រដៅកូនសិស្ស ឱ្យមានឥរិយាបថល្អ ចរិយាមាយាទល្អ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានក្រមសីលធម៌ចំពោះចាស់ទុំជាដើម៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×