Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៉ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លា ឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើសុខទុក្ខនិងសុខុមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ចែងក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅល្ងាចនិងព្រលប់ថ្ងៃទី ២៣ ខែសីហា នេះតែម្តង ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៉ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ  ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំអោយប្រធានមន្ទីរសុខាភិបាល ចាត់ចែងក្រុមការងារ បាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា  នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក  ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ  តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ  ប្រឡាយទួលសំពៅ  និង ប្រឡាយអូអាកុជ  ស្ថិត នៅខណ្ឌសែនសុខជាដើម។

លោកងី មានហេង បានបញ្ជាក់ឱ្យដឹងផងដែរថា ៖យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១៧ សីហា ដោយគ្រោងនឹងបញ្ចប់នៅទូទាំង១០៥សង្កាត់ នាថ្ងៃទី ២៦ ឬថ្ងៃទី ២៧ខែសីហាខាងមុខនេះ។

លោកបញ្ជាក់ទៀតថា មកដល់ថ្ងៃទី ២៣ខែសីហាឆ្នាំ ២០២៤នេះ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានេះ បានបាញ់រួចរាល់ នៅខណ្ឌចំនួន៨ហើយ ដោយក្រុមការងារនឹងបន្តបាញ់ចំនួន៦ខណ្ឌទៀត ឱ្យបានចប់រួចរាល់តាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំមូសសម្លាប់មូសខ្លានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃមកនេះ ទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងនពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះពិតជាបានបង្ហាញឲ្យឃើញពីការគិតគូរពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×