Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បន្តសេវាផ្តល់លិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ៖ ដោយបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតនឹងបន្តសេវាផ្ដល់លិខិតឆ្លងដែនធម្មតាន ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍)។

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ ពាក់ព័ន្ធនឹងដំណើរការផ្ដល់សេវាធ្វើលិខិតឆ្លងដែនធម្មតា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅសាធារណរដ្ឋកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ៣ ចំនួន ៦០ថ្ងៃទៀត ដែលនឹងបន្តរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ថ្លែងក្នុងវិដេអូមួយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

ការអនុញ្ញាតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមលោកស្រី ជ្រឹង បុទុមរង្សី, ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងបន្តទទួលពាក្យស្នើសុំសេវាលិខិតឆ្លងដែន វគ្គ៣ ជូនដល់ប្រជាពលរដ្ឋ នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីមានគោលការណ៍ឯកភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តសេវាផ្តល់លិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់ សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ ០៥២ សជណចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្ថានទូតបានដាក់ឱ្យដំណើរការសេវាផ្តល់ លិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសា.កូរ៉េ ដើម្បី សម្រួលដល់ការលំបាក និងកាត់បន្ថយថ្លៃចំណាយផ្សេងៗ ដែលក្នុងជំហានដំបូង គិតចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដូចមានសេចក្តីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសា.កូរ៉េ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរនៅ សា.កូរ៉េ ដែលក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសឱ្យបន្តការផ្តល់សេវា ធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរ រយៈពេល ០៣ ខែ បន្តទៀត គិតចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ ដូចមានសេចក្តីជូនដំណឹងរបស់ស្ថានទូតចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។

យោងតាមការស្នើសុំដ៏លើសលប់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមតំបន់នានានៅសា.កូរ៉េ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសា.កូរ៉េ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសា.កូរ៉េ ជ្រាបថា ដោយបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតនឹង បន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសា.កូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍)៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×