ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីដុល្លារូបនីយកម្ម និងប្រព័ន្ធធនាគារនៅកម្ពុជា (Dollarization and Banking System in Cambodia) នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
សិក្ខាសាលានេះផ្តួចផ្តើមឡើងដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា សហការជាមួយធនាគារជាតិនៃកម្ពុជា និងរៀបចំដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ពន្ធ័នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។
ក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងសមស្របបំផុតទៅនឹងបរិបទជាតិ ក៏ដូចជាតំបន់ និងសកលលោក។ សិក្ខាសាលាថ្ងៃនេះមិនត្រឹមតែផ្តល់នូវចំណេះដឹងបន្ថែមទៀត និងកាន់តែច្បាស់លាស់នូវសាវតា និន្នាការនយោបាយ ព្រមទាំងចក្ខុវិស័យក្នុងការពង្រឹងជំនឿទុកចិត្ត និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាប៉ុណ្ណោះទេ ហើយក៏ជួយរួមចំណែកលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីតួនាទីរបស់ទីផ្សារហិរញ្ញវត្ថុ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ឯកឧត្ដម សូមគាំទ្រដល់ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីដុល្លារូបនីយកម្ម និងប្រព័ន្ធធនាគារ នៅកម្ពុជា។ ឯកឧត្ដមបានកោតសរសើរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការដ្ឋសភាដ៏ឧត្តុង្គឧត្តម ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមយ៉ាងសកម្ម ដើម្បីញ៉ាំងឱ្យសិក្ខាសាលារបស់យើងប្រព្រឹត្តទៅបានតាមការគ្រោងទុក។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ទៀតថា សិក្ខាសាលានេះ នឹងជួយបង្កើនការយល់ដឹងបន្ថែមដល់សិក្ខាកាម ក៏ដូចជាកាលានុវត្តភាពក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងសារៈសំខាន់ក្នុងការប្រើប្រាស់រូបិយវត្ថុជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព តុល្យភាព និងបរិយាបន្ន។ ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ការបើកចំហសេដ្ឋកិច្ច និងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដោយធ្វើសេរីភាវូបនីយកម្មលើការវិនិយោគ និងពាណិជ្ជកម្ម បានជំរុញឱ្យកម្រិតនៃការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជាកាន់តែមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសតាមរយៈការហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស ចំណូលពីការនាំចេញ ជំនួយបរទេស ចំណូលពីទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេសជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាក៏ទទួលបាននូវអត្ថប្រយោជន៍ពីដុល្លារូបនីយកម្ម ដោយបានទាក់ទាញវិនិយោគបរទេសឱ្យកើនឡើងយ៉ាងឆាប់រហ័ស ហើយមានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ ដុល្លារូបនីយកម្មក៏អាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងាយប្រឈមនឹងហានិភ័យ និងមានភាពងាយផុយស្រួយដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិផងដែរ ដោយឯកឧត្តម បានស្នើឱ្យអង្គសិក្ខាសាលា បន្តពិនិត្យមើលថាតើកម្ពុជាគួរធ្វើបែបណាដើម្បីរកដំណោះស្រាយលើបញ្ហាប្រឈម។
ឯកឧត្តម វង សូត បានបង្ហាញនូវការជឿជាក់ និងក្ដីសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងបានស្វែងយល់បន្ថែមពីតួនាទីរបស់ធនាគារក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសការចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីស្វែងរកការអនុវត្តល្អៗ ព្រមទាំងវិធានការ និងគោលនយោបាយដ៏មានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលតំណាងឱ្យអធិបតេយ្យភាព ផ្នែកនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរូបិយវត្ថុ សំដៅរួមចំណែកធានាឱ្យបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយក៏ដើម្បីបុព្វហេតុជាតិ សង្គម សេដ្ឋកិច្ច និងអត្ថប្រយោជន៍នានា ដែលប្រាក់រៀលផ្តល់ឱ្យយើងទាំងអស់គ្នា ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី











