Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចខិតខំប្រឹងបងរបស់កម្ពុជា ឆ្ពោះទៅកាន់វាសនារួម នៃតំបន់មេគង្គ-ឡានឆាង ដែលមានសុវត្ថិភាពជាងមុន និងប្រកបដោយចីរភាព

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤បានឲ្យដឹងថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ ដែលមានសាធារណរដ្ឋប្រជាមានិត ចិន និងព្រះរាជាណាចក្រថៃ ជាសហប្រធាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងឈៀងម៉ ប្រទេសថៃ ក្រោមមូលបទ «ឆ្ពោះទៅកាន់វាសនារួមគ្នានៃតំបន់មេគង្គ-ឡានឆាង ដែលមានសុវត្ថិភាព ជាងមុន និងប្រកបដោយចីរភាព» ។

រដ្ឋមន្ត្រីការបរទេសទាំងអស់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តតាមលទ្ធផល សំខាន់ៗនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលបានប្រព្រឹត្តទៅ កាលពីខែធ្នូ ឆ្នាំ២០២៣ និងផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧)។ រដ្ឋមន្ត្រីការបរទេសទាំងអស់ បានឯកភាពថាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ត្រូវតែរក្សាសន្ទុះនៃការអភិវឌ្ឍឆាប់រហ័សតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្ដែងលើគ្រប់វិស័យ និងរួមគ្នាកសាងសហគមន៍នៃវាសនារួម ប្រកបដោយសន្តិភាព និងវិបុល ភាពក្នុងបណ្ដាប្រទេសមេគង្គ-ឡានឆាង។
រដ្ឋមន្ត្រីទាំងអស់ ក៏បានលើកទឹកចិត្តឱ្យមានការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងគំនិតផ្ដួចផ្ដើមអន្តរជាតិ និងតាមតំបន់ និង យុទ្ធសាស្ត្រសហប្រតិបត្តិការផ្សេងៗទៀតរួមមានគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ ផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តចំពោះការអភិវឌ្ឍដ៏ធំធេង ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមក ដែលបានផ្តល់ផល ប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសមេគង្គ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ លទ្ធផលសំខាន់ៗដែលទទួលបានពីការអនុវត្តគម្រោងក្នុងអនុតំបន់មេគង្គក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចាប់តាំងពីឆ្នាំ ២០១៧ និងត្រៀមខ្លួនរួចជាស្រេចដើម្បី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងថ្មីដែលបានផ្តល់ឱ្យកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់មូលនិធិនៃគម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជាការរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងអនុតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនៈមួយចំនួនលើទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន៖ (១) បន្តខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍបៃតងក្នុងតំបន់ (២) ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្មបន្ថែមទៀត ជាពិសេសដោយមានការគាំទ្រពីបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត (៣) រួមគ្នា ដោះស្រាយការបំពុលខ្យល់ដែលបង្កការគំរាមកំហែងមិនត្រឹមតែដល់សុខភាពប៉ុណ្ណោះទេ ថែមទាំង ដល់សេដ្ឋកិច្ចក្នុងតំបន់ សន្តិសុខស្បៀង ទឹក និងអាកាសធាតុ និង (៤) ខិតខំប្រឹងប្រែងរួមគ្នាក្នុង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង ជាពិសេសការឆបោក តាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។

កិច្ចប្រជុំបានអនុម័តឯកសារលទ្ធផលចំនួន៤ រួមមាន៖ (១) សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ (២) សេចក្តីប្រកាសរួម ស្តីពីគំនិតផ្តួចផ្តើមខ្យល់ស្អាតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (៣) សេចក្តីប្រកាសរួមស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង និង (៤) គំនិតផ្តួចផ្តើមស្តីពីការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហ ប្រតិបត្តិការឡានឆាង-មេគង្គលើវិស័យធនធានទឹក។

នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួប ពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងកិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ មានមតិរួមគ្នាថា ប្រទេសទាំងពីរមានភាពចាំបាច់ក្នុងការសហការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការ ឆបោកតាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមវ៉ាង យី បានអបអរសាទរកម្ពុជាក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ កាលពីដើមខែសីហា និងបានបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់ប្រទេសចិនសម្រាប់គម្រោងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនីតិប្រតិបត្តិនៃប្រទេសទាំងពីរនិងនិងសកម្មភាពផ្សេងៗសម្រាប់ទាំងនៅក្នុងប្រទេសកម្ពុជា និង ប្រទេសចិនក្នុងឆ្នាំ២០២៤ ដើម្បីអបអរសាទរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដោយជំរុញ ការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងជាប្រយោជន៍រួម៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×