Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី កត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានអង្គប្រជុំជាមួយ លោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដឹកនាំកិច្ចប្រជុំ លើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា- ឥណ្ឌូណេស៊ី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជារួមក្នុងវិស័យនានាចាប់ តាំងពីកិច្ចប្រជុំ JCBC កម្ពុជា-ឥណ្ឌូណេស៊ី លើកចុងក្រោយ នៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូណេស៊ី។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានអបអរសាទរចំពោះសកម្មភាព
រួមគ្នានានាជាច្រើន ដែលរៀបចំឡើងដើម្បីរលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី នាឆ្នាំនេះ។
រដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សា និងលើកកម្ពស់ការប្រាស្រ័យ ទាក់ទងគ្នាជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នៅគ្រប់លំដាប់ថ្នាក់ និងបានគូសបញ្ជាក់ពីសារសំខាន់ជាយុទ្ធសាស្ត្រនៃការប្រាស្រ័យទាក់ទងក្នុង ចំណោមថ្នាក់ដឹកនាំកំពូល រួមទាំងជំនួបនាពេលថ្មីៗចំនួន២លើក រវាង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ នៅទីក្រុងហ្សាការតា នៅឆ្នាំ២០២៣ និងនៅ ទីក្រុងម៉ែលប៊ន នៅឆ្នាំនេះ។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ និង ឯកភាពបន្តធ្វើការប្រាស្រ័យទាក់ទងប្រកបដោយផ្លែផ្កា រួមមានកិច្ចពិភាក្សារវាងកងទ័ព ជើងគោក អាហារូបករណ៍ និងការបណ្ដុះបណ្ដាល និងសកម្មភាពការផ្លាស់ប្ដូរផ្សេងទៀត ដូច ជាការចូលសំចតនាពេលថ្មីៗនេះរបស់នាវាហ្វឹកហ្វឺនកងទ័ពជើងទឹកឥណ្ឌូណេស៊ី KRI Bima Suci ដែលមាននាវិកចំនួន ២១២នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្តឡើងវិញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស ដោយត្រូវអនុវត្តយ៉ាងពេញលេញនិងមាន ប្រសិទ្ធភាពនូវលិខិតុបករណ៍ពាក់ព័ន្ធ ក្រោមក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។

លើវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ កត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ពាណិជ្ជកម្មអង្ករ។ រដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិសុខស្បៀង និងបាន អះអាងពីការប្តេជ្ញាចិត្តក្នុងការពន្លឿនការអនុវត្ត MoU ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម ដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០២៣ និងការចុះហត្ថលេខាលើ MoU ស្តីពី កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម។

ក្នុងគោលបំណងពង្រឹងការតភ្ជាប់ និងសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ភាគីទាំងពីរ បានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុងទេសចរណ៍នៃប្រទេស ទាំងពីរ បញ្ចប់ការពិភាក្សា MoU ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បន្តឡើងវិញនូវកិច្ចសហ ប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តជាកណ្តាល និងបង្កើតទំនាក់ទំនង ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងកោះស៊ូម៉ាត្រាខាងលិច។
កិច្ចប្រជុំបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
និងក្រសួងវិនិយោគឥណ្ឌូណេស៊ី។ កិច្ចប្រជុំក៏បានស្វាគមន៍គោលបំណងរបស់ក្រុមហ៊ុន ឥណ្ឌូណេស៊ី Perum BULOG ក្នុងការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដូចជាម៉ាស៊ីន កិនស្រូវ និងឃ្លាំង។
កិច្ចប្រជុំបានពិភាក្សាយ៉ាងទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេង ទៀត រួមមាន ថាមពល, បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT), សុខាភិបាល, ការ គ្រប់គ្រងអាងទន្លេ, បរិវត្តកម្មឌីជីថល, និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ដោយមានទស្សនៈដូចគ្នាពីសារសំខាន់នៃសន្តិភាពសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ។ រដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ ពីសារសំខាន់នៃការពង្រឹងនូវមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងការប្រាស្រ័យទាក់ទង ជាមួយដៃគូនានា តាមរយៈយន្តការអាស៊ាន ព្រមទាំងបានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តចំពោះ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលជាមគ្គទេសក៍ សម្រាប់ការចូលរួមរបស់អា ស៊ាន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌាផងដែរ។ រដ្ឋមន្ត្រីទាំងពីរ ប្តេជ្ញាពង្រឹងការគាំទ្រទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើឆាកអន្ដរជាតិ។

កិច្ចប្រជុំបានបញ្ចប់ទៅ ដោយការចុះហត្ថលេខាលើកំណត់ហេតុស្ដីពីលទ្ធផលកិច្ចប្រជុំ JCBC លើកទី៥។ កិច្ចប្រជុំ JCBC លើកទី៦ នឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២៦។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកជំទាវ Retno L.P. Marsudi បានចូលជួបសម្តែងការ គួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុ ជា និងឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×