រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ខែសីហាឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍។
អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាលសម្រេច លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅ តាមមន្ទីរទេសចរណ៍រាជធានី ខេត្ត៕ រក្សាសិទ្ធដោយ ៖សុទ្ធលី











