ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមដំណើរជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះទស្សនកិច្ច និងសំណេះសំណាលជាមួយរោងចក្រកិនស្រូវនៅក្នុងខេត្តកំពង់ស្ពឺ។
នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីទាំងបីរូប បានស្វែងយល់ពីប្រតិបត្តិការ និងពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន អប្សារា រ៉ាយស៍ និង ព្រីម្លិះ ខបភើរេសិន ព្រមទាំងបានពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរដើម្បីកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារអង្ករពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើររោងចក្រកិនស្រូវទាំងពីរ ដែលបានប្រកាន់យកស្តង់ដារផលិតកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងគោរពតាមបទបញ្ញត្តិទីផ្សារ។ ឯកឧត្តមបានសង្កត់ធ្ងន់លើការបន្តពង្រឹងសមត្ថភាពផលិតកម្ម ដើម្បីក្រុមហ៊ុនត្រៀមខ្លួនប្រកួតប្រជែង នៅពេលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ឯកឧត្តមក៏បានរំលេចអំពីលក្ខខណ្ឌតម្រូវទីផ្សារកាន់តែខ្ពស់ ពិសេសទាក់ទងនឹងការការពារបរិស្ថាន ព្រមទាំងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យប្រកាន់យកនូវផលិតកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ ដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពល និងជួយដល់សហគ្រាសក្នុងស្រុកនានា។
ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ដ រួមទាំងតេស្តលើប៉ារ៉ាម៉ែត្រដែលគាំទ្រដល់ផលិតកម្មស្រូវអង្ករ និងវិស័យកសិ-ឧស្សាហកម្ម។ ក្រសួងក៏បានកែសម្រួលសេវាសាធារណៈរបស់ខ្លួន និងបានត្រៀមខ្លួនដើម្បីគាំទ្រវិស័យឯកជនឱ្យបានកាន់តែប្រសើរ។រក្សាសិទ្ធដោយ ៖សុទ្ធលី











