Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍ពិសេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី “ សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ”

ភ្នំពេញ ៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសនាថ្ងៃទី២២ខែសីហាឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែតនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតឱ្យមានមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីពលរដ្ឋ និងសាធារណជនទូទៅចូលរួមអភិវឌ្ឍនៅតំបន់ព្រំដែន ជាពិសេសផ្លូវក្រវាត់ព្រំដែន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានសម្រេចបង្កើតឱ្យមានកម្មវិធីថ្មីមួយ គឺផ្ដល់ដីដើម្បីការពារព្រៃ។ កម្មវិធីនេះ គឺផ្ដល់ដីសម្បទានដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលមិនមានដីធ្លី បន្ទាប់មកអភិវឌ្ឍនៅតំបន់នោះ ដើម្បីពលរដ្ឋមានជីវភាពកាន់តែប្រសើរផង និងចូលរួមការពារដី ព្រមទាំងព្រៃឈើរបស់រដ្ឋផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាកង្វល់ធំបំផុតរបស់រាជរដ្ឋាភិបាល ខណៈក្នុងរយៈពេលមួយឆ្នាំនៃការដឹកនាំរបស់រាជដ្ឋាភិបាលអាណត្តិទី៧ នីតិកាលនៃរដ្ឋសភា រាជដ្ឋាភិបាលបន្តថែរក្សាការពារនូវសុខសន្តិភាពជូនប្រជាពលបានយ៉ាងល្អ និងបានដាក់ចេញនូវគោលនយោបាយផ្សេងៗជាច្រើន​ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលនោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសថា រាជរដ្ឋាភិបាលនឹងប្រកាសជ្រើសរើស មន្រ្តីជំនាញកសិកម្មនៅតាមឃុំជាច្រើនទៀត ដោយក្នុងនោះរាជរដ្ឋាភិបាលនឹងដាក់ពង្រាយគ្រប់ឃុំទាំងអស់នៅ ខេត្តទាំងបួនដែលមានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV)តែម្តង ដើម្បីជួយណែនាំបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តទាំងបួននោះលើវិស័យកសិកម្ម។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេល១២ខែ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលនៃរដ្ឋសភា ទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ១ ឆ្នាំនៃរាជរដ្ឋាភិបាល អាណត្តិទី៧ នេះ រាជរដ្ឋាភិបាលបានសម្រេចមិនយកពន្ធលើដីធ្លីមិនប្រើប្រាស់ ចំពោះដីធ្លីដែលមានទំហំ ៥ ហិកតាចុះក្រោម​ (មួយកន្លែង ៥ ហិកតាចុះក្រោម)។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តទៀតថា​ ក្នុងរយៈ​ពេល១២ខែ រាជរដ្ឋាភិបាលបានបណ្តេញ និងទម្លាក់ឋានន្តរសក្តិដល់មន្រ្តីនគរបាល យោធិន មន្រ្តីរាជការជាច្រើននាក់ក្រោយពីពួកគេបានប្រព្រឹត្តខុសនឹងវិជ្ជាជីវៈ និងខ្វះក្រមសីលធម៌ រួមទាំងបានស្នើដល់អង្គព្រះមហាក្សត្របញ្ចប់តំណែងតួនាទីដល់ឧកញ៉ាមួយចំនួនផង ដែរ បន្ទាប់ពីពួកគេប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌ផ្សេងៗជាដើមនោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី​ បានលើកឡើងបន្តថា​ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំពុងធ្វើការសម្របសម្រួលដោះស្រាយគម្រោងអចលនទ្រព្យ ដែលកំពុងមានបញ្ហាជាច្រើន ខណៈក្នុងចំណោមគម្រោងចំនួន៣៧ដែលកំពុងមានបញ្ហា ក្រសួងបានដោះស្រាយរួចរាល់ចំនួន៩គម្រោងហើយ និងបន្តដោះឱ្យអស់នាពេលឆាប់ៗខាងមុខនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានបន្តថា ៖​ “បងប្អូនអាជីវករ ដែលមានចំណូលដុលក្រោម ២៥០លានរៀល ពុំចាំបាច់ចុះបណ្ណប៉ាតង់ និងប្រកាសពន្ធអ្វីនោះទេ គឺមិនមានបង់ពន្ធអ្វីទាំងអស់ ”។

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការនានាដើម្បីបង្កើនសេវាសុខភាពសាធារណៈ តាមរយៈការបង្កើនគុណភាពថ្នាំ បង្កើនការប្រចាំការ២៤ម៉ោងលើ២៤​ម៉ោង ហើយយើងទទួលបានការជឿជាក់កាន់តែខ្លាំងលើប្រព័ន្ធសុខាភិបាលរបស់យើង នៅតាមមន្ទីរពេទ្យគ្រប់កម្រិតទូទាំងប្រទេស ដោយក្នុងនោះរាជរដ្ឋាភិបាលក៏បានសម្ពោធមន្ទីរពេទ្យធំៗមួយចំនួនផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្ដល់ថវិកាចំនួនជិតសាមសិបលានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវចំនួន ១៦ ដើម្បីធានាតម្លៃស្រូវ និងសន្តិសុខស្បៀងនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា ៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្របើកថ្មីចំនួន ២៧៥ រោងចក្រ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថា ទោះបីជារយៈពេល១២ខែ កន្លងមកនេះ បញ្ហាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពនឹងនរ មិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជាអាចរក្សាបាននៅស្ថិរភាព និងសេដ្ឋកិច្ចកំពុងមានកំណើនឡើងវិញដល់ជាង៦%នៅឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានកសាងផ្លូវតាមបណ្តោយព្រំដេនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន ៦៨៦.៩៦គីឡូម៉ែត្រ លើផែនការសរុប១០៦៦គីឡូម៉ែត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្តោយព្រំដែន ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួម ហើយសម្តេចអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួម ក្នុងការកសាងផ្លូវនៅតាមបណ្តោយព្រំដែន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទៅកាន់ខេត្តនៅតំបន់ត្រីកោណ រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ។ សម្តេចណែនាំឱ្យ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា អនុវត្តការងារនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញនូវកម្មវិធីទាំងនេះ ដោយសារតែសម្តេចស្តាប់កង្វល់របស់ប្រជាពលរដ្ឋ ដែលធ្វើយ៉ាងណាកុំឱ្យបាត់ខេត្តទាំង៤ ហើយជំរុញថែរក្សា ស្ថិរភាព និងការអភិវឌ្ឍជូនគាត់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូន លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រៀបចំកញ្ចប់លើកទឹកចិត្តដល់វិនិយោគិន នៅភូមិភាគឦសាន្ត ដើម្បីអភិវឌ្ឍនៅតំបន់នោះ។
​សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយ និងគំនិតផ្តួចផ្តើម ដែលសម្តេចដាក់ចេញ ដើម្បីអភវិឌ្ឍ និងថែរក្សាខេត្តទាំង៤ គឺជាការឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលគាត់បារម្ភខ្លាចបាត់បង់ខេត្តទាំង៤នៅពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសូមធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា និងជឿទុកចិត្តលើរាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×