កំពង់ឆ្នាំង៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហេង សាវី ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វេលាម៉ោង០៧:៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ សរុបចំនួន០៧នាក់ មធ្យោបាយរថយន្តចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះស៊ើបអង្កេតពាក់ព័ន្ធករណីលង់ទឹកស្រះ(ស្លាប់) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០ នាទីព្រឹក នៅចំណុចភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ ឈ្មោះ ប្រាក់ សុម៉ាលី ហៅជុយ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពីការិយាល័យជំនាញស៊ើបអង្កេតរួចមកមានចម្លើយបំភ្លឺពីសាក្សី និងចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នោះគឺ មិនមែនជាករណីលង់ទឹកស្លាប់ទេគឺជាករណីឃាតកម្មពិតប្រាកដមែន។
កម្លាំងយើងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម÷ ១-ឈ្មោះ ប៊ុត សំប៊ុន ហៅគិ ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ជាជនសង្ស័យ។ ២-ឈ្មោះ មាស កាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកសមគំនិត។
សម្ភារៈវត្ថុតាងចាប់យករួមមាន÷ ១-ពូថៅដៃ ចំនួន០១ ប្រវែង៣.៥០តឹក។ ២-ទូរសព្ទដៃ ចំនួន០២គ្រឿង។៣-អាវយឺតចំនួន០១ពណ៌ពងក្រសារ និងខោខ្លីចំនួនពណ៌ទឹកប៊ិចចំនួន០១។ ៤-ស្បែកជើងផ្ទាត់ពណ៌(ស) ចំនួន០១គូ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពងឆ្នាំង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដេីម្បីបន្តនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







