Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ៖ ដើម្បីឲ្យអនាម័យល្អ បរិស្ថានស្អាតទាមទារឲ្យយើងមានការចូលរួមទាំងអស់គ្នា ស្របតាមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះអញ្ជើញជាអធិបតីភាពក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បរិមាណសំរាម សំណល់រឹងនៅរាជធានីភ្នំពេញបានកើតទឿងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩និងបច្ចុប្បន្ននេះបានកើនឡើងរហូត៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាមមានប្រមាណជាង១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាមមានប្រមាណ៣៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារ កំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

ឯកឧត្តមអភិបាលរាជធានី បានបន្តទៀតថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ប្រកួនប្រជែងគ្នា ឃើញថានៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុន ដែលធ្វើអោយរាជធានីភ្នំពេញមានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសំអាត ការប្រមូលសំរាមនៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះ នៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ដើម្បីឲ្យអនាម័យល្អ បរិស្ថានស្អាតទាមទារឲ្យយើងមានការចូលរួមទាំងអស់គ្នា ស្របតាមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។

ក្នុងឱកាសនោះឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍លើកឡើងថា៖ “កម្ពុជាស្អាត ខ្មែរធ្វើបាន”នេះ ជាកម្មវិធីសំអាតពិភពដែនដី ការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើអោយជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា៖ សុខភាពបរិស្ថានមាន៣ គឺ ទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដីនិងទី៣ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជាមិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថានជាមួយនឹងការប្តេជ្ញាចិត្តធ្វើអោយបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន៥សែននាក់។ ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។ ទី៣ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើអោយយ៉ាងណាអោយប្រភពទឹកមានបរិស្ថានល្អ។
ជុំវិញបញ្ហានេះដែរ កន្លងមកនេះឯកឧត្ដម បានណែនាំឲ្យមន្ត្រីរបស់ក្រសួង ពិសេសនាយកដ្ឋានគ្រប់គ្រងធនធានទឹក ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់តំបងនិងនៅកំពង់សោម តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងហើយ។

ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានសូមឲ្យមានការចូលរួមធ្វើឲ្យបរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំឲ្យសុខភាពមនុស្ស សត្វនៅលើលោកនេក៏ល្អដូចគ្នាដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×