Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីគោលគំនិតនៃកិច្ចសហការបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ជូនទៅភាគីចិន ដើម្បីបានជាមូលដ្ឋានយកទៅពិនិត្យលទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូគណៈកម្មាធិការទីក្រុងស៊ែមិន (Xiamen City) នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន ដឹកនាំដោយលោក Wei Keliang ប្រធានគណៈកម្មាធិការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ។

នៅក្នុងជំនួបនារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកជួយក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមកម្ពុជានាពេលកន្លងមក។ ក្នុងរយៈពេល ៦៦ឆ្នាំមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលបានត្រួសត្រាយដោយប្រមុខដឹកនាំជំនាន់មុនៗ និងបន្តរក្សាទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ដោយប្រមុខដឹកនាំបច្ចុប្បន្ន បានជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធស្ទើគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ព្រមទាំងកិច្ចការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការ បានយកឱកាសនេះជម្រាបជូនអំពី បច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ របស់ទីក្រុងស៊ែមិនដែលជាទីក្រុងឆ្នេរ និងជាទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស ៤ដំបូង របស់ប្រទេសចិន។ លោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការចុះហត្ថលេខា ស្តីពីការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ែមិន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដើម្បីឈានទៅបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រងតំបន់ឆ្នេរ វិស័យកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា អាស្រ័យដោយ ខេត្តនិងក្រុងទាំងពីរមានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ដូច្នេះហើយការផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពល្អៗ រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលប្រពៃបំផុត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលគំនិតនៃកិច្ចសហការបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ជូនទៅភាគីចិន ដើម្បីបានជាមូលដ្ឋានយកទៅពិនិត្យលទ្ធភាពផងដែរ៕រក្សាសិទ្ធដោយ ៖​សុទ្ធលី

×