សៀមរាប ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន Bangko Sentral ng Pilipinas បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
បើតាមសេចក្តីប្រកាសព័ត៌មាន លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈយោគយល់នេះ ក្របខ័ណ្ឌជាក់លាក់មួយត្រូវបានបង្កើតឡើង សម្រាប់ដំណើរការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ជាពិសេសក្នុងផ្នែកប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
កិច្ចប្រជុំបានបញ្ចប់ដោយផ្លែផ្កា ហើយភាគីទាំងពីរបានឯកភាពថានឹងបន្តរៀបចំកិច្ចប្រជុំទ្វេភាគីជាប្រចាំឆ្នាំ។
កិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន បាន ផ្លាស់ប្តូរទស្សនៈលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណើរវិវឌ្ឍន៍នៃប្រព័ន្ធទូទាត់ បញ្ញា សិប្បនិម្មិត និងសន្តិសុខសាយប៊័រ និងហិរញ្ញវត្ថុប្រកបដោយចីរភាព ក៏ដូចជា ពិភាក្សាអំពីកាលានុវត្តភាព សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការងារ និងគំនិតផ្តួចផ្តើមនានារបស់ធនាគារកណ្តាលទាំងពីរ។ អនុស្សរណៈយោគយល់នេះសបញ្ជាក់ឱ្យឃើញពីឆន្ទៈ និងស្មារតីប្តេជ្ញារបស់ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន ក្នុងការបង្កើតក្របខ័ណ្ឌជាក់លាក់មួយ សម្រាប់ដំណើរការ
សម្របសម្រួលក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលកន្លងមកតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងក្របខ័ណ្ឌទាំងទ្វេភាគីនិងតំបន់។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងអនុស្សរណៈយោគយល់នេះ ធនាគារកណ្តាលទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេសក្នុងផ្នែកពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការធនាគារ កណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗជាច្រើនទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមក៕ រក្សាសិទ្ធដោយ ៖សុទ្ធលី












