ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រុំដោយ ឯកឧត្តម គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់ សម្ដេចធិបតី។
សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្ត ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យបន្តធ្វើការងារជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








