Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គួច ចំរើន ព្រមានលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាព ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋ

កណ្តាល៖ អភិបាលខេត្តកណ្តាល ទុករយៈពេល១ខែ ឱ្យម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ អនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន ក្រោយទទួលការរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាព ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់។

នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានចេញលិខិតមួយ ជម្រាបមកលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ក្នុងកម្មវត្ថុ ៖ ស្តីពីការព្រមានទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង និង ក្រុងតាខ្មៅ។

យោង ៖ ប្រកាសលេខ ០៩២ MIH/២០១៩ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

បើតាមឯកឧត្តម គួច ចំរើន, សូមជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតជ្រាបថា រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមក អាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូត មកដល់បច្ចុប្បន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្ត កាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន។

សូមរំលឹកថា ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៣ បានដឹកនាំ ក្រុមការងារចុះពិនិត្យមើលបញ្ហាផ្គត់ផ្គង់ទឹកស្អាតនៅបុរីសិរីមង្គល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ និងឃុំទឹកវិល ឃុំ ព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងពេលចុះពិនិត្យជាក់ស្តែងក្រុមការងារបានពិនិត្យឃើញថា សំពាធទឹកចេញមកខ្សោយ កន្លែងខ្លះស្ទើរតែគ្មានហើយស្ថានភាពទឹកគឺល្អក់កករ មិនអាចយកមកដាំបាយ និងចំអិនអាហារបាន ឬងូតទឹកបានឡើយ។ ហើយផ្ទះនៅក្នុងបុរីនេះមានចំនួនសរុប ២៤៥៧ខ្នង ប្រជាពលរដ្ឋដែលកំពុងរស់នៅមានចំនួន ១៣៣៨ខ្នងផ្ទះ ។ ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់ម្ចាស់អាជីវករផ្គត់ផ្គង់ទឹកស្អាត ក្នុងបុរីសិរីមង្គល និងតាមបណ្តាឃុំទឹកវិល ឃុំ ព្រែកគយ និងឃុំស្អាងភ្នំ ត្រូវដោះស្រាយបញ្ហាទឹកស្អាត់ ទឹកល្អក់ និងទឹកចេញខ្សោយអោយបានឆាប់រហ័សបំផុត ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសត្រូវកែប្រែឥរិយាបទជាមួយប្រជាពលរដ្ឋដែលមកបង់សេវាទឹកស្អាត ត្រូវមានសម្តីសមរម្យជាមួយអតិថិជនប្រកបដោយក្រមសិលធម៌ខ្ពស់។ ឯកឧត្ដម ក៏បានស្នើឱ្យរដ្ឋបាលក្រុងតាខ្មៅ និងស្រុកស្អាងត្រូវពិនិត្យ និងតាមដានលើបញ្ហានេះឲ្យបានជាប់ជាប្រចាំ ថាតើម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនេះបានដោះស្រាយបានកម្រិតណា ត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្តអំពីបញ្ហាទឹកស្អាតនេះឱ្យបានច្បាស់លាស់ ដើម្បីឯកឧត្តមអភិបាលខេត្តមានមូលដ្ឋានដោះស្រាយ និងចាត់វិធានការជាបន្តបន្ទាប់ទៀតទៅលើម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ប្រសិនបើម្ចាស់អាជីវកម្មនៅតែមិនព្រមដោះស្រាយបញ្ហាខាងលើឲ្យបានឆាប់រហ័សតាមការកំណត់។ ក្រោយពីបានចុះពិនិត្យជាក់ស្ដែង តំណាងសេវាករផ្គត់ផ្គង់ទឹកស្អាតបាន ទទួលស្គាល់ថាទឹកចេញមកមិនស្អាត (ល្អក់កករ) និងមានសំពាធខ្សោយ ព្រមទាំងបានសន្យាថា នឹងខិតខំដោះស្រាយបញ្ហាទាំងអស់នេះឲ្យបានឆាប់រហ័សផងដែរ។ សូមបញ្ជាក់ថា៖ បញ្ហាទឹកស្អាតនេះរដ្ឋបាលខេត្តបានឱ្យសេវាករធ្វើការដោះស្រាយ អស់រយៈពេល ០៦ខែ មកហើយគិតមកដល់ពេលនេះ៕៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×