រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
កិច្ចប្រជុំ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំ JCBC លើកទី៤ នៅរដ្ឋធានីហ្សារកាតា និងកំណត់ទិសដៅអនាគតដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅ វិញទៅមក រដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅអំពីគោលដៅក្នុងការធ្វើឱ្យកាន់តែទូលំទូលាយ បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកចម្រើនលើគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ សុខាភិបាល ការងារ បរិស្ថាន ដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ និងសហប្រតិបត្តិការ នយោបាយ-សន្តិសុខ។
ការវិវឌ្ឍក្នុងតំបន់ និងបញ្ហាអន្តរជាតិដែលជាកង្វល់ និងជាផលប្រយោជន៍រួម ក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំផងដែរ។
គួរកត់សម្គាល់ថា កិច្ចប្រជុំ JCBC លើកទី៥នេះ ធ្វើឡើងស្របពេលនឹងខួបលើកទី៦៥ ន ការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកជំទាវ Retno LP. Marsudi គ្រោងនឹងចូលជួបសម្តែង ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


