Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព្រះបរមរាជវាំង ថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង“យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីថ្លែងការណ៍នៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង“យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។

ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ដែលចែងថា “ អង្គ ព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ។ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជាទាំងមូល កំពុង ទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការចំពោះបណ្តាញទំនាក់ទំនងសង្គម ខាងលើ មិនមែនជាផេកផ្លូវការរបស់ក្រសួងព្រះបរមរាជវាំងឡើយ ។

ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×