ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមព្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩សីហា២០២៤ បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធិផលការងារ ដែលសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិតម៉ៅ ច័ន្ទដារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
ឯកឧត្តមឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៍ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿននា សម័យតេជោសែន។
ឯកឧត្តមអភិបាលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV. DTA) ។
ឯកឧត្ដមបន្ថែមថា ក្នុងនោះរដ្ឋបាលរាជធានី បាននិងកំពុងយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការ បណ្តុះបណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ព័ន្ធមានប្រព័ន្ធលូ, ការកសាងផ្លូវថ្នលជាដើម។
ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ យ៉ាងឆាប់រហ័សនេះដែរ ឯកឧត្តមសន្តិបណ្ឌិតម៉ៅ ច័ន្ទដារា បានយល់ស្របនិងគាំទ្រពេញទំហឹង ពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលធ្វើឪ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាង២លាននាក់មានជីវភាពកាន់តែល្អប្រសើរក្នុងសន្តិភាព និងឈានទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ក្រើនរំលឹកក្នុងការពង្រឹងយន្ត ការអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព, ការទប់ស្កាត់ក្មេងទំនើងបញ្ហាគ្រឿងញៀន, ការគោរពច្បាប់ចរាចរណ៍ដោយប្រកាន់យកវិធានការអប់រំ ជាជាងការរងចាំតែការផាកពិន័យ។ បន្តយកចិត្តទុកដាក់តាមដានចំពោះក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិតាមការញ៉ុះញ៉ុង របស់អ្នកនយោបាយនៅក្រៅស្រុក។ ទោះបីគោលបំណងធ្វើបាតុកម្មមិនបានសម្រេចកាលពីថ្ងៃទី១៨សីហាក្តី តែពូកគេនៅតែចិញ្ចឹមចិត្តបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




































