Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តកំពង់ធំចាប់ខ្លួនសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀនសង្កាត់ស្រយ៉ូវ ម្នាក់ ក្រោយញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាល

ខេត្តកំពង់ធំ ៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានចាប់ខ្លួនសមាជិកក្រុមប្រឹក្សា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀនម្នាក់ ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋចូលរួមតវ៉ាប្រឆាំងជាមួយ រាជរដ្ឋាភិបាល ។ សមាជិកក្រុមប្រឹក្សារូបនេះមាន ឈ្មោះ ហ៊ុយ សុភ័ក្រ្ត ត្រូវបានចាប់ខ្លួននៅក្រុងស្ទឹងសែន ក្រោមការដឹកនាំកម្លាំងនគរបាលផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងតាមបញ្ជារបស់តំណាងអយ្យការ។

ក្រោយការចាប់ខ្លួន សមាជិកក្រុមប្រឹក្សារូបនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ​ និងចាត់វិធានការតាមច្បាប់។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលមានគោលបំណងធ្វើកុបកម្មខុសច្បាប់ ដោយគ្មានការលើកលែងឡើយ។

ការប្រកាសរបស់ នាយឧត្តមសេនីយ៍ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន គ្រោងធ្វើកុបកម្មដោយខុសច្បាប់ នៅមុខព្រះបរមរាជរាំង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ កុបកម្មនេះ គ្រោងធ្វើឡើងក៏ព្រោះតែមានការបំភ្លៃថា គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាមាន ៤ខេត្ត ជាគម្រោងកាត់ដីឲ្យប្រទេសដទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះនៅទីនេះ ថ្នាក់ដឹកនាំនៅខាងក្រោយទាំងអស់នេះ គឺសុទ្ធតែជាអ្នកដែលទទួលខុសត្រូវ​ ខាងផ្នែកសន្តិសុខជាតិ យើងមិនត្រូវនៅស្ងៀម យើងមិនត្រូវអព្យាក្រឹត្យ យើងត្រូវតែគាំទ្រ ការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ នូវរដ្ឋធម្មនុញ្ញ នូវសន្តិភាព និងសមិទ្ធផលនានានៅក្នុងប្រទេសកម្ពុជារបស់យើង»។

លោកបានបន្តថា «នេះយើងត្រូវច្បាស់ទាំងអស់គ្នា មិនមែនគំរាមទេ ក៏ប៉ុន្តែយើងត្រូវធ្វើការបញ្ជាក់ជូននូវអ្វីដែលបងប្អូនយើងមួយចំនួនធំ មិនទាន់ច្បាស់ ឬក៏មិនទាន់បានគិតគ្រប់ជ្រុងជ្រោយ សុំឲ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍប្រទេសរបស់យើងនាពេលបច្ចុប្បន្ន ឲ្យកាន់តែមានការរីកចម្រើន។ គោលបំណង ល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលយើងជាកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត។ នេះត្រូវចាំឲ្យច្បាស់ អំពីជំហរប្តេជ្ញាចិត្ត ពីព្រោះកងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋ យើងត្រូវតែការពាររដ្ឋដាច់ខាត គ្មាននរណាអាចមកបំភ្លេចបំផ្លាញបាន តាមបែបមិនប្រជាធិបតេយ្យបានទេ»។

បើតាមនាយឧត្តមសេនីយ៍ ស ថេត, លោកក៏បានបញ្ជាក់ជំហររបស់កម្លាំងនគរបាលជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ឬអ្នកចូលរួមតាមការអំពាវនាវរបស់ក្រុមប្រឆាំង ឱ្យធ្វើការអប់រំកូនចៅ សមាជិកខ្លួន ឱ្យចាកចេញពីក្រុមឧទ្ទាមនេះ ដើម្បីគេចផុតពីសំណាញ់ច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×